ជីវិតប្ដីប្រពន្ធ ដាញ់ ម៉ូនីកា កាន់តែមានក្ដីសុខ ក្រោយនាងទម្លាយរឿងមួយនេះ

ភ្លេចៗត្រចៀក អតីតតារាសម្ដែងធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនផុសផុលពីសំណាក់ទស្សនិកជនអ្នកនាង ដាញ់ ម៉ូនីកា ដែលមហាជនស្គាល់ច្បាស់ជាតួឯកស្រី «ទុំទាវ» បានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានរៀបការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែ កុម្ភៈ ឆ្នាំ ២០១០ មកម្ល៉េះ ។

លាជីវិតសិល្បៈជាច្រើនឆ្នាំ ដាញ់ ម៉ូនីកា បានទៅរួមរស់ជាមួយស្វាមីយ៉ាងមានក្ដីសុខនៅទឹកដីប្រទេសអូស្រ្តាលី ហើយនាងថែមទាំងបានបង្កើតកូនប្រុស-ស្រីដ៏ស្រស់ស្អាតដល់ទី ២ នាក់ទៀតផង ។ លើសពីនេះ អតីតតារាសម្ដែងស្រីរាងតូចច្រឡឹងខាងលើ តែងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីបង្ហោះរូបថតស្វីតៗបង្អួតដល់អ្នកគាំទ្រជារឿយៗ ។

និយាយដល់ជីវិតឯកជន ថ្មីៗនេះអតីតារាសម្ដែង ដាញ់ ម៉ូនីកា បានបង្ហោះរូបថតស្វីតខ្លាំងជាមួយស្វាមីសំណព្វចិត្តមួយសន្លឹក ព្រមទាំងរៀបរាប់នូវពាក្យសម្ដីស្ដែងពីក្ដីសុខក្នុងគ្រួសារ ធ្វើឱ្យមហាជនត្រេកអរពេលឃើញតារាក្នុងដួងចិត្តរបស់ពួកគេ មានក្ដីសុខក្នុងជីវិតប្ដីប្រពន្ធដូច្នេះ ។ ដាញ់ ម៉ូនីកា បានទម្លាយពាក្យផ្អែមល្ហែម ដោយចង់សំដៅដល់ស្វាមីបណ្ដូលចិត្តថា «អ្នកដែលស្រឡាញ់អ្នកមិនប្រួលប្រែ ហើយនៅជិតអ្នកជានិច្ចមិនថាអ្នកជួបរឿងអ្វីក៏ដោយ» ៕

Leave a Reply