៧ ឆ្នាំទម្រាំមានថ្ងៃនេះជាមួយស្វាមី អេនជី រងការមើលងាយ និង ព្យុះភ្លៀងជាច្រើន

ក្រោយពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង ២ ឆ្នាំ និង ត្រៀមទទួលនូវសមាជិកថ្មីដែលជាកូនប្រុសក្នុងពេលឆាប់ៗនោះ អតីតតារាចម្រៀង អេន ជី បានទម្លាយរឿងរ៉ាវជាច្រើនក្នុងរយៈពេល ៧ ឆ្នាំ ដែលនាង និង ស្វាមីតស៊ូជំនះរួមគ្នាទើបមានថ្ងៃនេះ ។

ជាការពិតមហាជនបានសរសើរពីជីវិតគូររបស់ អេន ជី ដែលបានរៀបការជាមួយបុរសដែលស្រឡាញ់យកចិត្តទុកដាក់នាង និង ជាអ្នកមានជីវភាពល្អនៅក្នុងសង្គមផងនោះ តែតាមពិត អេន ជី បានឲ្យដឹងថា «នាង និង ស្វាមី ទទួលរងការមើលងាយ និង ព្យុះភ្លៀងច្រើនណាស់ ទម្រាំអ្នកទាំងពីរមានថ្ងៃនេះ» ។

នៅក្នុងគណនី fb របស់អតីតតារាចម្រៀងរូបនេះបានបង្ហោះនូវរូបភាពជាច្រើន តាំងពីនាង និង ស្វាមីចាប់ផ្តើមស្គាល់គ្នាក្នុងឆ្នាំ ២០១៣ មក ហើយក្នុងនោះនាងក៏បានបញ្ជាក់ថា «ជួបគ្នាជានិស្ស័យ និស្ស័យជាប្ដីប្រពន្ធ ១០០ ឆ្នាំ សុភមង្គលមិនមែនកើតចេញពីពាក្យស្លោក ឬ ពាក្យគេថា តែវាកើតឡើងតាមសកម្មភាព និង ទង្វើរបស់យើងជាអ្នកសាងឡើងជាប្រចាំ! នេះជារូបភាពស្គាល់គាត់ដំបូងរហូតដល់ថ្ងៃនេះ អរគុណចំពោះការមើលងាយ និង បញ្ហាព្យុះភ្លៀងជាច្រើន ដែលធ្វើឲ្យយើងរឹងមាំរហូតដល់ថ្ងៃនេះ» ។

នៅក្នុងនោះដែរ បន្ទាប់ពីទទួលបានសេចក្តីសុខដូចថ្ងៃនេះនោះ អេន ជី ក៏បានបង្ហាញពីសុភមង្គលរបស់ខ្លួនដល់មហាជនយ៉ាងរីករាយថា «សេចក្ដីសុខពេលនេះគឺមានពេលវេលាអង្គុយមើលរូបថតប្ដីប្រពន្ធរួចក៏ញញឹមដាក់ខ្លួនឯង និង ហៅប្ដីមកមើលរូបចាស់ៗ ហើយសើចដាក់គ្នាជាសេចក្តីសុខពិតប្រាកដដែលផ្តល់ឱ្យគ្នាទៅវិញទៅមក ។

អរគុណនូវអ្វីដែលខ្លួនឯងមាន អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រ និង ស្រឡាញ់ អរគុណពាក្យមើលងាយ និង បញ្ហាព្យុះភ្លៀងជាច្រើនរហូតធ្វើឲ្យខ្ញុំមានថ្ងៃនេះ ។ អ្នកដទៃអាចមើលមកយើងខុស តែយើងត្រូវឱ្យតម្លៃ និង លើកទឹកចិត្តខ្លួនឯងជានិច្ច ព្រោះមានតែយើងទេដែលស្គាល់ខ្លួនឯងយើងងច្បាស់» ។

គួរឱ្យដឹងដែរថា អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ ត្រូវបានមិត្តក្នុងវិស័យសិល្បៈ និង មហាជនសរសើរពីការតស៊ូក្នុងមុខជំនួយរបស់នាងតាំងពីនៅក្មេង រហូតដល់មានស្វាមី និង កូន ហើយទទួលបានភាពជោគជ័យយ៉ាងនេះ ៕

Leave a Reply