ក្រសួងបន្តពន្យាពេលចូលរៀន គ្រប់គ្រឹះស្ថានសិក្សា គ្រប់កម្រិត គ្រប់ប្រភេទ នៅទូទាំងប្រទេស…

បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាមានលក្ខណៈធូរស្បើយមួយកម្រិតនៅជំហានទី ១ នេះ ដោយនៅសេសសល់អ្នកជំងឺដែលព្យាបាលមិនទាន់ជាមានតែ ២ នាក់ទៀតប៉ុណ្ណោះ ។ ដោយមើលឃើញថា ស្ថានភាពហាក់ល្អប្រសើរ នាំឱ្យមាតា បិតា សិស្សានុសិស្សមួយចំនួន ចង់ឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការសាលារៀនឡើងវិញ ។ ​

ដោយឡែកឆ្លើយឆ្លងជាមួយ «ប្រជាប្រិយ» នៅព្រឹក ៨ ឧសភា ២០២០ នេះឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនៅមិនទាន់មានគោលការណ៍ឱ្យបើកដំណើរការសាលារៀនឡើងវិញនោះទេ  ។

អ្នកនាំពាក្យស្រសួងអប់រំ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអនុញ្ញាតជំរាបជូនថា គិតមកដល់ពេលនេះលិខិតលេខ ២២ អយក សណន សេចក្ដីណែនាំស្ដីពីការពន្យាពេល នៃការចូលរៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅទូទាំងប្រទេសនៅមានសុពលភាពសម្រាប់ការអនុវត្ត»

ឯកឧត្ដម រស់ សុវាចា បន្តថា នៅចំពោះមុខនេះក្រសួងសូមអំពាវនាវឱ្យបុគ្គលិកអប់រំ សិស្សានុសិស្ស មាតា បិតា លោកគ្រូ អ្នកគ្រូ រួមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមរក្សាគម្លាតសុវត្ថិភាព និង អនុវត្តវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីជូនដំណឹងនៅពេលក្រោយ ស្ដីពីការចូលរៀនឡើងវិញ ៕

Leave a Reply