លើកទី១ ដែល ឱក សុគន្ធកញ្ញា រៀបរាប់ពីអារម្មណ៍ពិតចំពោះមិត្តជិតស្និទ្ធ ក្រៅរង្វង់សិល្បៈ

ដូចប្រិយមិត្តបានជ្រាបហើយថា ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រីជួរមុខដ៏ល្បីល្បាញមួយរូប ហើយកន្លងមក ក្រៅពីមិត្តភក្ដិនៅក្នុងសង្គមសិល្បៈ គេកម្រឃើញអ្នកនាងបង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តភក្ដិដែលជាមនុស្សសាមញ្ញធម្មតាណាស់ ។

ដោយឡែកថ្មីៗនេះ ឱក សុគន្ធកញ្ញា ស្រាប់តែទៅសួរសុខទុក្ខមិត្តភក្ដិជិតស្និទ្ធម្នាក់នៅមន្ទីរពេទ្យដែលទើបសម្រាលកូន ព្រមទាំងសរសេរ Caption គួរឱ្យចាប់អារម្មណ៍ បង្ហាញពីទំនាក់ទំនងមិត្តភាពយ៉ាងល្អកម្ររកបាន ដែលកន្លងមកគេកម្រឃើញនាងនិយាយរៀបរាប់ពីមិត្តភក្ដិជិតស្និទ្ធក្រៅសិល្បៈបែបនេះណាស់ ។

នេះជាសារទាំងស្រុងរបស់តារាចម្រៀង សុគន្ធកញ្ញា «មិត្តភក្តិមានច្រើនណាស់ ហើយមិត្តល្អក៏ច្រើនដែរ…! តែមិត្តដែលយល់ចិត្តថ្លើមដូចមិនងាយមានច្រើនទេ មិត្តដែលមានចិត្តស្មោះចំពោះយើងរឹតតែមានតិចទៀត មិត្តដែលពេលយើងមានរឿង កើតទុក្ខមិនហៅក៏តែងតែចេញមក ពេលយើងពិបាកតែងជួយដោះស្រាយ ហើយពេលដែលយើងសប្បាយចិត្ត យើងមានរឿងល្អៗមិនដែលមានមុខសោះ ទោះហៅក៏មិនមក នេះមិនដឹងជាមិត្តស្អីទេមិនយល់..! តែម្នាក់ដែលខ្ញុំនិយាយហ្នឹង គឺជាមិត្តរបស់ខ្ញុំហ្នឹងហើយ…។

និយាយទៅនិយាយមក គឺគ្រាន់តែចង់អបអសាទរមិត្តម្នាក់នេះ ទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ… សរុបមក គាត់មានកូនស្រី ៣ នាក់ហើយ តែខ្ញុំទើបតែមានកូនប្រុសម្នាក់ទេ មិនដឹងពេលណាបានកូនស្រីហ្នឹងគេទៅ តែគាត់ក៏មិនទាន់មានកូនប្រុសដែរ សរុបទៅគឺស្មើគ្នាហើយ និយាយលេងទេ.. ចុងក្រោយនេះ សូមជូនពរទាំងម្ដាយ និងកូនស្រី ទទួលបាននូវសុខភាពល្អរឹងមាំ កូនល្អ ឆ្លាត រៀនពូកែ ហើយម្ដាយឆាប់បានបង្កើតកូនប្រុសមួយដែរ»

Leave a Reply