ក្តៅៗ! បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោក គីម ជុងអ៊ុន នៅរស់ និងមានសុខភាពល្អប្រសើរឡើងវិញហើយ…

មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនគឺនៅមានជីវិត និងសុខភាពល្អនៅឡើយទេ ស្របពេលមានព័ត៌មានលេចឮថាលោកបានស្លាប់។ទីប្រឹក្សាគោលនយោបាយការបរទេសកូរ៉េខាងត្បូង លោក ជុង អ៊ីនមូន (Chung-in Moon) បាននិយាយថារដ្ឋាភិបាលលោកមានជំហររឹងមាំថាមេដឹកនាំផ្ដាច់ការវ័យ ៣៦ឆ្នាំរូបនេះមិនបានស្លាប់នោះទេ។


មន្ត្រីជាន់ខ្ពស់រូបនេះឲ្យដឹងទៀតថាលោកគីមបាននៅក្នុងតំបន់វ៉ុនសាន ប្រទេសកូរ៉េខាងជើងចាប់តាំងពីថ្ងៃទី ១៣ ខែមេសាមក ហើយរហូតមកដល់ពេលនេះគេមិនទាន់រកឃើញការវិវត្តគួរឱ្យសង្ស័យណាមួយនៅឡើយទេ។ទោះយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង នៅតែរក្សា​ភាពស្ងប់ស្ងាត់ដដែលជុំវិញ​ព័ត៌មានសុខភាព​មេដឹកនាំ​របស់​ខ្លួន។


ពាក្យចចាមអារ៉ាមអំពីមរណភាពរបស់លោក គីម បានលេចចេញពីនាយករងនៃទូរទស្សន៍ផ្កាយរណបហុងកុង គឺអ្នកនាង Shijian Xingzou ដែលបានអះអាងថាប្រភពរឹងមាំមួយបានប្រាប់ អ្នកនាងថា លោក គីម ជុងអ៊ុន បានទទួលមរណភាពហើយ។ អ្នកនាង Shijian មានអ្នកគាំទ្រ ១៥ លាននាក់នៅលើបណ្តាញសង្គមចិន Weibo ហើយក៏ជាក្មួយស្រីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិនមួយរូបដែរ។


ដោយឡែកប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយបានអះអាងថា លោក គីម ស្ថិតក្នុងស្ថានភាព “មនុស្សរុក្ខជាតិ” បន្ទាប់ពីគាត់បានទទួលការវះកាត់បេះដូងនាពេលថ្មីៗនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា មានសំណួរជាច្រើនត្រូវបានគេលើកឡើងអំពីសុខភាពរបស់លោកគីម បន្ទាប់ពីលោកមិនបានចូលរួមការប្រារព្ធពិធីខួបអនុស្សាវរីយ៍ជីតាលោកកាលពីថ្ងៃទី ១៥ ខែមេសា។

ទូរទស្សន៍ CNN បានរាយការណ៍នៅដើមសប្តាហ៍នេះថាសហរដ្ឋអាមេរិកកំពុងតាមដានការស៊ើបការណ៍សម្ងាត់ថាតើលោកគីមកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរឬយ៉ាងណាបន្ទាប់ពីការវះកាត់។ មន្រ្តីអាមេរិកម្នាក់ទៀតបានប្រាប់ CNN នៅថ្ងៃចន្ទនេះថាកូរ៉េខាងជើងមានការព្រួយបារម្ភពីសុខភាពរបស់លោកគីមពិតមែន ប៉ុន្តែថាតើស្ថានភាពភាពធ្ងន់ធ្ងរកម្រិតណា គេពិបាកនឹងវាយតម្លៃ។


នៅមុននេះ សារព័ត៌មាន Daily NK ដែលជាកាសែតអនឡាញមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា លោក គីម ត្រូវបានគេរាយការណ៍ថាបានទទួលការវះកាត់សរសៃឈាមបេះដូងដោយសារតែ “ជក់បារីច្រើនពេក ធាត់ជ្រុល និងធ្វើការងារហួសកម្រិត” ៕ ចុចអាន៖ សារព័ត៌មានហុងកុងអះអាង​ថាលោក គីម ជុងអ៊ុន បានស្លាប់ហើយ ខណៈព័ត៌មានជប៉ុនថាលោកកំពុងស្ថិតក្នុងស្ថានភាព “មនុស្សរុក្ខជាតិ” ចុចអាន៖ លោក ត្រាំ និយាយថា សេចក្តីរាយការណ៍ស្តីពីបញ្ហាសុខភាពរបស់លោក គីម “មិនត្រឹមត្រូវទេ” ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ CNN

Leave a Reply