ពិតជាស្ញើចសរសើរ! គ្រូបង្រៀន ស៊ូអង្គុយបង្រៀនសិស្សតាមអនឡាញលើដើមឈើ ព្រោះតែអុីនធឺណេតខ្សោយពេក

ឥណ្ឌា៖ ពេលនេះដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតពាសពេញពិភពលោក បានធ្វើឲ្យសាលារៀនត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ទន្ទឹមនឹងនេះដែរ ខាងសាលារៀនក៏បានផ្ដល់ភាពងាយស្រួលទៅកាន់សិស្ស ដោយសិក្សានៅផ្ទះតាម​រយៈអនឡាញផងដែរ។

ជាការស្ដែង គ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រមួយរូប ឈ្មោះថា Subrata Pati រស់នៅក្នុងភូមិ អាហានដា បានជួបប្រទះនឹងបញ្ហាអុីនធឺណេតទូរសព្ទដៃខ្សោយ សម្រាប់ការបង្រៀនសិស្សតាមរយៈអនឡាញ។ យ៉ាងណាក្ដី គាត់បានរកឃើញវិធីដោះស្រាយបញ្ហានេះ ដោយឡើងទៅលើដើមឈើរាល់ពេលបង្រៀនសិស្សម្ដងៗ។

ដោយគ្រូបង្រៀនវ័យ៣៥រូបនេះ បានឲ្យដឹងដែរថា ជារៀងរាល់ព្រឹក គាត់តែងតែឡើងលើដើមឈើដែលនៅក្បែរផ្ទះរបស់គាត់ ដោយមាននាំយកចំណីអាហារមកជាមួយដែរ ដោយសារតែត្រូវបង្រៀនសិស្សចំនួន៣ថ្នាក់ជាប់គ្នា។ ហើយនៅលើដើមឈើ មានបន្ទះក្ដារឬស្សីដែលគាត់បានធ្វើ ចងភ្ជាប់នឹងមែកឈើ សម្រាប់អង្គុយទៀតផង។ ចំណែកឯអុីនធឺណេតវិញ មិនមានភាពរអាក់រអួលទៀតឡើយ។

បើទោះបីជាការបង្រៀនសព្វថ្ងៃនេះ មានភាពលំបាកយ៉ាងណាក៏ដោយ ក៏គាត់នៅតែខឹតខំប្រឹងប្រែងដែរ ព្រោះសិស្សទាំងអស់បានផ្ដល់នូវកម្លាំងចិត្ត និងសន្យាព្យាយាមសិក្សាឲ្យបានពិន្ទុល្អទៀតផង៕

Leave a Reply