ឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ប្រគល់កូនសត្វត្រដក់តូចពីរក្បាល ជូនអង្គការ Wildlife

កូនសត្វត្រដក់តូច (Lesser Adjutant) ចំនួនពីរក្បាលមានអាយុប្រហែល ២ ខែ ត្រូវបានក្រុមឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ដកហូតពីគ្រួសារមួយស្ថិតក្នុង ភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងពេលល្បាតអនុវត្តច្បាប់ប្រចាំខែ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ។

ក្រុមឧទ្យានុរក្សបានបញ្ជាក់ឱ្យដឹងថា ត្រដក់តូចទាំងនេះ ត្រូវបានគ្រួសារមួយទិញពីអ្នកប្រមាញ់ ម្នាក់មកចិញ្ចឹម ក្នុងគោលបំណងចិញ្ចឹមលម្អ ដូចសត្វស្រុកធម្មតាមិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ ។

ក្រោយពីដកហូតសត្វស្លាបទាំងពីរនេះ ត្រូវបានប្រគល់ជូនអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ដើម្បីធ្វើការស្តានិតិសម្បទាមុននឹងសម្រេចប្រលែងពួកវាទៅក្នុងជម្រកធម្មជាតិវិញ ។

ចំណែក ឯម្ចាស់សត្វ តម្រូវឱ្យចុះកិច្ចសន្យាលើការឈប់ប្រព្រឹត្តបទល្មើស សត្វព្រៃនេះបន្តទៀត ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមល្បាត ក៏បានអប់រំបន្ថែមអំពីច្បាប់តំបន់ការពារធម្មជាតិ ការអភិរក្ស សត្វស្លាប និង ជីវៈចម្រុះ និង តួនាទីរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមថែរក្សាការពារ និង ប្រើប្រាស់ដោយឈ្លាសវៃនូវធនធានធម្មជាតិ ដែលមានក្នុងតំបន់រ៉ាមសារនេះផងដែរ ៕

Leave a Reply