មើលទៅនិយាយលែងស្តាប់ហើយ ប្រហែលទាល់តែផាកពិន័យពី ១០ម៉ឺន ទៅ ១លានរៀល អីទើបបានសម្អាតមើលទៅ

ខេត្ដព្រះសីហនុ៖ ឆ្នេរដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅខេត្ដព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ដែលបានអញ្ចើញមកលេងកម្សាន្ដនៅទីនោះ ដោយមានការបរិភោគអាហារ ផឹកសុីសប្បាយរីករាយ ប៉ុន្ដែនៅពេលចប់កម្មវិធី គឺបន្សល់ទុកទៅដោយកាកសំណល់សំរាម ដោយមិនមានការរៀបចំសម្អាតឡើងវិញ ដែលជាហេតុបង្កធ្វើឲ្យខូតសោភ័ណ្ឌភាពឆ្នេរយ៉ាងខ្លាំង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ-មន្ត្រីប្រាប់ថា មានកាកសំណល់អាហារ ដែលពលរដ្ឋមួយចំនួនពិសារហើយពេលយប់ ត្រូវបានទុកចោលនៅលើឆ្នេរ និងក្រោមដើមឈើក្នុងឆ្នេរសាធារណៈ (អតីតអារីស្តុន) ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។

មន្ត្រីនឹងផ្នែកសម្អាតឆ្នេរ ដែលចុះកើបប្រមូលកាកសំណល់សំរាមនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២០នេះ អោយដឹងថា សំរាមបែបនេះយប់ខ្លះមានច្រើនជាងនេះក៏មានដែរ កើតឡើងដោយសារ ពលរដ្ឋមួយចំនួនទុកចោលរាយប៉ាយ មិនព្រមជួយវេចខ្ចប់ យកទៅដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះ។

ប្រភពពីមន្ត្រីរដ្ឋបាលខេត្តអោយដឹងដែរថា ក្រោយពីវិធានការអប់រំមិនទទួលជោគជ័យ អជ្ញាធរទំនងជានឹងរៀបចំវិធានការ តាមចាប់អ្នកចោលសំរាមឬកាកសំណល់បែបនេះ ផាកពិន័យជាប្រាក់ ក្នុងចំនួនមួយច្រើនគួរសម និងថតរូបផ្សព្វផ្សាយជាសាធារណៈអោយមហាជនស្គាល់មុខ ដើម្បីជាការព្រមាន មិនអោយអ្នកផ្សេងយកគំរូតាម”។

ជាមួយគ្នានេះដែរ គេហទំព័រ ហ្វេសប៊ុកផេក ប្រជាជន ខេត្ដព្រះសីហនុ ក៏បានលើកឡើងដែរថា៖”អនុញ្ញាតអោយលក់ដូរ ដោយមិនបានទាមទារអ្វីទេ តែហេតុអ្វីទើប
មិនចូលរួមសម្អាត និងថែរក្សាអនាម័យ ប្រមូលសំរាម អោយបានស្អាត? តើប្រិយមិត្តយល់ថា រដ្ឋបាលក្រុង និងខេត្ត គួរធ្វើបែបណា អោយល្អឆ្នេរសមុទ្រយើង សូមចូលរួមយោបល់។ ប្រហែលទាល់តែផាកពិន័យពី ១០ម៉ឺន ទៅ ១លានរៀល អីទើបបានសម្អាតមើលទៅ”។

Leave a Reply