កម្មករ កម្មការិនី ៤៤ នាក់ មានរោគសញ្ញាសង្ស័យកូវីដ ១៩ ត្រូវបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែមេសាកម្មករ កម្មការិនី ចំនួន ២១ នាក់ ត្រូវបានដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត ២ នៅវិទ្យាល័យជម្ពូរវ័ន ។

ដោយឡែកនៅថ្ងៃទី ២១ ខែមេសា ២០២០ នេះ មានកម្មករ កម្មការិនី ចំនួន ២៣ នាក់ទៀត្រូវបានដាក់ឱ្យស្នាក់នៅមណ្ឌលកម្រិត ២ នេះទៀត ។ ដូច្នេះសរុបកម្មករ កម្មការិនីចំនួន ៤៤ នាក់ហើយ ដែលត្រូវបានឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត ២ សម្រាប់អ្នកដែលមានករណីសង្ស័យនៃវីរុសកូវីដ ១៩ ។

សូមជំរាបជូនថា តាមការបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា ២កម្រិត ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត ២។

មណ្ឌលចត្តាឡីស័កកម្រិត ១ ប្រៀបដូចជាការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬបន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែជួនកាលម្ចាស់បន្ទប់ជួលគាត់ ឬអ្នករួមបន្ទប់របស់គាត់មិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេ ដូច្នេះសាមីខ្លួនអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន ។

ចំណែកមណ្ឌលចត្តាឡីស័កកម្រិត២នេះ គឺមានតែនៅអគារមួយផ្សេងពីអគារចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យជម្ពូរវ័ន្តតែមួយប៉ុណ្ណោះ ដែលសម្រាប់ដាក់បុគ្គលដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន គេនឹងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៉ី ៕

Leave a Reply