គិតត្រឹមថ្ងៃទី ១៧ នេះ ពេទ្យនៅកំពង់ចាមព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយអស់ពីមន្ទីរពេទ្យហើយ….

យើងតាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យខេត្តកំពង់ចាមបានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះថា អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុសកូវីដ១៩ ដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម មកទល់ពេលនេះបានជាសះស្បើយអស់ហើយ ក្រោយពីបានទទួលការថែទាំ និង ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ព្រមទាំងក្រុមការងារជួរមុខនៃមន្ទីរពេទ្យខេត្តកំពង់ចាម ។

ទន្ទឹមគ្នានោះ ខាងមន្ទីរពេទ្យខេត្តកំពង់ចាមក៏បានបញ្ជាក់បន្ថែមដែរថា មកទល់នឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះ នៅមន្ទីពេទ្យខេត្តកំពង់ចាមពុំមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ ១៩ នេះទៀតទេ ។

យ៉ាងណាមិញ ទោះបីជាអ្នកជំងឺកូវីដ ១៩ បានជាសះស្បើយ និង បានចេញអស់ពីមន្ទីរពេទ្យខេត្តកំពង់ចាមក្តី ប៉ុន្តែមន្ទីរពេទ្យខេត្តកំពង់ចាមនៅតែត្រៀមកម្លាំងមន្ត្រីជួរមុខសម្រាប់បំពេញបេសកកម្មជាប់ជានិច្ចដើម្បីឆ្លើយតបបន្ទាន់ក្នុងករណីដែលអាចកើតមានឡើងនូវករណីថ្មីនៃជំងឺកូវីដ ១៩ ជាយថាហេតុនៅពេលណាមួយទៀត ។

គួរឱ្យដឹងដែរថា សម្រាប់អ្នកជំងឺកូវីដ ១៩ ដែលជាបានសះស្បើយចុងក្រោយគេ និង ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ចាមអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យនោះ គឺជាបុរសជនជាតិម៉ាឡេស៊ី ២ នាក់ ដោយបានចេញពីមន្ទីរេពេទ្យកាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះជាមួយការរៀបចំពីធីអបអរសាទរ និង ជូនដំណើរផងដែរ ៕

Leave a Reply