បិទប្រទេសចេញទៅណាមិនរួច ម៉ាក់យាយឃ្លានស្រាបៀរ ឈរកាន់ក្ដារខៀនសុំតាមបង្អួច មានអី ស្រាប់តែ១៥០កំប៉ុងដឹកមកដល់ផ្ទះតែម្ដង

សហរដ្ឋអាមេរិក៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតនៅតាមបណ្ដាប្រទេសនាៗ រដ្ឋាភិបាលបានដាក់បម្រាមហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋរបស់ខ្លួនចេញពីក្នុងផ្ទះឡើយ ពោលគឺត្រូវនៅតែក្នុងផ្ទះប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីម្នាក់ទៅម្នាក់។

ហើយកាលពីថ្មីៗនេះ លោកយាយម្នាក់ឈ្មោះ អូលីវ វ៉េរ៉ូនណេសុី វ័យ៩៣ឆ្នាំ មកពីរដ្ឋ Pennsylvania បានឈរកាន់ស្រាបៀរមួយកំប៉ុង និងក្ដារខៀនតូច នៅមាត់បង្អួចក្នុងផ្ទះ ដោយមានសរសេរថា «ខ្ញុំត្រូវការស្រាបៀរបន្ថែម» បន្ទាប់ពីចេញពីផ្ទះមិនរួច ដើម្បីឲ្យអ្នកជិតខាងបានឃើញ។ យ៉ាងណាមិញ សាច់ញាតិរបស់របស់គាត់ បានថតរូប ហើយយកទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង រហូតលេចឮទៅដល់ក្រុមហ៊ុនផលិតស្រាបៀរទៀតផង។

ក្រោយមក ក្រុមហ៊ុនស្រាបៀរ Coors Light បានផ្ដល់កាដូជាស្រាបៀរជូនលោកយាយ អូវីល ចំនួនប៉ុន្មានកេះដែលមាន១៥០កំប៉ុង ដោយដឹកជញ្ជូនទៅដល់មុខទ្វារផ្ទះផ្ទាល់តែម្ដង។

លោកយាយ អូលីវ បាននិយាយប្រាប់សារព័ត៌មាន CBS Pittsburgh ឲ្យដឹងថា ពេលនោះ គាត់នៅសល់ស្រាបៀរចំនួន១២កំប៉ុងប៉ុណ្ណោះ ហើយគាត់តែងតែផឹកជារៀងរាល់យប់។ ស្រាបៀរ មានអត្ថប្រយោជន៍ណាស់សម្រាប់មនុស្សទូទៅ ប្រសិនបើយើងមិនផឹកវាលើសចំនួន។

គួរឲ្យដឹងដែរថា បើគិតត្រឹមថ្ងៃទី១៤ ខែមេសាម្សិលមិញនេះ រដ្ឋ Pennsylvania មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២២,៨៣៣នាក់ និងអ្នកស្លាប់ចំនួន ៥០៧នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply