លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីមូលហេតុនាំឱ្យបុរសខ្មែរ អាយុ ៤០ ឆ្នាំជាពីកូវីដ ១៩ បែរជាលាប់ជំងឺវិញ

នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ ១៩ (COVID-19) នៅប្រទេសកម្ពុជា ។ ក្នុងសន្និសីទកាសែតនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានប្រកាសថាគិតត្រឹមថ្ងៃនេះ រកមិនឃើញករណីឆ្លងថ្មីទេ ដោយកម្ពុជានៅរក្សាចំនួនអ្នកឆ្លងសរុបចំនួន ១២២ នាក់ដដែល និង អ្នកបានជាសះស្បើយចំនួន ៧៧ នាក់ដដែល ប៉ុន្តែឯឧត្តមនៅតែបន្តអំពាវនាវឱ្យបន្តរក្សាអនាម័យ និង ប្រុងប្រយ័ត្នខ្ពស់ ។

យ៉ាងណាមិញ សម្រាប់ករណីបុរសខ្មែរវ័យ ៤០ ឆ្នាំម្នាក់រស់នៅច្រាំងចំរេះដែលតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៩ មេសា ២០២០ បានបញ្ជាក់ថាមានលទ្ធផលតេស្តិ៍វិជ្ជមានកូវីដ ១៩ លាប់ជំងឺនេះម្ដងទៀត បន្ទាប់ពីធ្វើតេស្តិ៍ក្រោយពេលគាត់បានជាសះស្បើយចំនួន ១៥ ថ្ងៃរួចមកនោះ ពេលនេះបុរសខ្មែររូបនោះបានជាសះស្បើយវិញទៀតហើយ ប៉ុន្តែនៅតែបន្តតាមដាន និង ដាក់ដោយឡែក ១៤ ថ្ងៃបន្តទៀតដដែល ដើម្បីបញ្ជាក់ថាគាត់បានជាពិតប្រាកដ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ៕


ពត៌មាន បន្ថែម
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសថាភ្នំពេញអាចចាត់ចូលជាការចម្លងក្នុងសហគមន៍ តែទ្រង់ទ្រាយតូច

ថ្លែងនៅក្នុងសន្នសីទសារព័ត៌មានស្ដីពីបច្ចប្បន្នភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី ១៣ មេសា ២០២០ នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺរកឃើញករណីថ្មីនៃវីរុសកូវីដ ១៩ ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ។ ក្នុងករណីនេះ ភ្នំពេញអាចចាត់ទុកថា ជាការចម្លងក្នុងសហគមន៍ហើយ ប៉ុន្តែក្នុងទ្រង់ទ្រាយតូច ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តថា ក្រុមការងារបច្ចេកទេសកំពុងស្រាវជ្រាវបន្តទៀតរកអ្នកដែលបានពាក់ព័ន្ធ អ្នកដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យទាប ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលបន្តទៀត ។

ឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវសូមឱ្យបងប្អូនធ្វើការផ្លាស់ប្ដូរឥរិយាបទដែលសំដៅទៅលើការកាត់បន្ថយក្នុងការចេញក្រៅប្រសិនបើមិនចាំបាច់ កុំប្រមូលផ្ដុំគ្នាច្រើន ​ត្រូវអនុវត្តគម្លាតនៅកន្លែងមានមនុស្សច្រើន ។ ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការអំពាវនាសូមឱ្យប្រជាពលរដ្ឋរួមគ្នាការពាររក្សានូវអនាម័យ កុំបម្លាស់ទីក្នុងរយៈពេលនេះ ធ្វើយ៉ាងណាកុំឱ្យឆ្លងជាលក្ខណៈសហគមន៍ទ្រង់ទ្រាយធំ ៕

Leave a Reply