ទុក្ខជាន់ទុក្ខ! ខ្យល់ព្យុះនៅអាមេរិក បានបំផ្លាញទ្រព្យសម្បត្តិ និងបានឆក់យកជីវិតមនុស្សថែមទៀត ខណៈប្រទេសនេះមានមនុស្សស្លាប់ ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុត (មានវីដេអូ)

អាមេរិក៖ ខ្យល់ព្យុះនៅរដ្ឋ Mississippi និង Louisiana បានបង្កឲ្យមានគ្រោះមហន្តរាយ និងយ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីបក់បោក កាលពីថ្ងៃអាទិត្យ នេះបើយោងតាមសម្ដីរបស់មន្ត្រីផ្នែកគ្រោះអាសន្ន។ រហូតមកដល់ពេលនេះ ក្រុមមន្ត្រីបាននិយាយថា សំណង់រាប់រយត្រូវបានបំផ្លាញ ដោយសារព្យុះ។

លោក Lyle Berard ប្រធានផ្នែកអគ្គិភ័យ Montontello បាននិយាយថា មានមនុស្សពីរនាក់បានស្លាប់នៅក្នុងតំបន់ Lawrence County រដ្ឋ Mississippi។ លោកបានបន្តទៀតថា មានខ្យល់ព្យុះចំនួនពីរ នៅក្នុងតំបន់នេះ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Mississippi បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ថា មានមនុស្សម្នាក់បានស្លាប់នៅតំបន់ Walthall County ហើយមានអ្នកស្លាប់ចំនួនបីនាក់ នៅក្នុងតំបន់ Jefferson Davis County។

នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នប្រចាំតំបន់ លោក Greg Sanford បានប្រាប់សារព័ត៌មាន CNN ថា នៅតំបន់ Covington County រដ្ឋ Mississippi រាល់បុគ្គលិកសង្គ្រោះបន្ទាន់ដែលទំនេរ បានធ្វើការនៅល្ងាចថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការខូចខាត ដែលខាងផ្នែកសេវាកម្មអាកាសធាតុជាតិបាននិយាយថា វាជាព្យុះដ៏ធំនិងគ្រោះថ្នាក់។ លោក ​Sanford បានបន្ថែមទៀតថា ខាងតំបន់បានទទួលការហៅទូរសព្ទជាច្រើន អំពីមនុស្សដែលរងរបួស ប៉ុន្តែមិនទាន់ដឹងច្បាស់ថា របួសនោះធ្ងន់ធ្ងរប៉ុណ្ណាទេ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply