អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​ដោះលែង​លោក សុវណ្ណ រិទ្ធី…..

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​រាល់​បទចោទប្រកាន់​ក្លែងក្លាយ និង​ដោះលែង​លោក សុវណ្ណ រិទ្ធី និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) ឱ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ការ​ផ្សាយ​ឱ្យ​អង្គភាព​លោក សុវណ្ណ រិទ្ធី វិញ​ផង​ដែរ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃ​ទី​១០ ខែ​មេសា ថា ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ចំពោះ​ការ​ដកស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​នេះ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ លោក​បន្ត​ថា រដ្ឋាភិបាល ត្រូវតែ​ដោះលែង​អ្នកសារព័ត៌មាន​រូប​នេះ និង អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយសារតែ​ការ​សម្តែង​មតិ ឬ​ការភ័យខ្លាច​របស់​ពួកគេ​អំពី​ជំងឺ​កូវីដ-១៩។

លោក សុវណ្ណ រិទ្ធី គឺជា​អ្នកយកព័ត៌មាន​ទាន់​ហេតុការណ៍​ផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ចំនួន​ចុច​ឡៃ (Likes ) ឬ​ចូលចិត្ត​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដល់​ទៅ​ជាង ៦៦​ម៉ឺន​ដង។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​៧ ខែ​មេសា ក្រោយពេល​លោក​បាន​សរសេរ និង​បង្ហោះ​លើ​ហ្វេសប៊ុក​នូវ​ពាក្យ​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​និយាយ​ថា «​បើ​អ្នក​រត់​ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះ​ទេ​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ហើយ​បាន​ឃុំខ្លួន​លោក​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ)។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ថា ធ្វើ​ឡើង​មិន​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​របស់​កម្ពុជា​នោះ​ទេ​។ លោក​បន្ត​ថា ការ​ទម្លាក់​ចោល ឬ​មិន​ទម្លាក់​ចោល​បទ​ចោទ គឺ​វា​អាស្រ័យ​ទៅ​លើ​តុលាការ។

អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ បាន​កត់ត្រា​ថា មាន​មនុស្ស ២៣​នាក់ហើយ​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា​ ពួកគេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​ជំងឺកូវីដ-១៩។ ក្នុង​ចំណោម នោះ​មាន​មនុស្ស​១០ នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ពួក​គេ ៨នាក់​​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់​ថា ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ រួម​ទាំង​សិទ្ធិ​ស្វែង​រក​ទទួល​បាន និង​ចែក​រំលែក​ព័ត៌មាន​គ្រប់​ប្រភេទ។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ចាំបាច់​សម្រាប់​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​ទាំង​ឡាយ រួម​ទាំង​សិទ្ធិ​សុខភាព​ផង​ដែរ។

លោក ហ្វីល រ៉ូបឺតសុន លើក​ឡើង​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ ពីព្រោះ​ប្រជាជន​ត្រូវ​ការ​ព័ត៌មាន​ដើម្បី​ការពារ​ខ្លួន ​និងវាយ​តម្លៃ​ការឆ្លើយតប​របស់រដ្ឋាភិបាល។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាលបរទេស និងម្ចាស់​ជំនួយ ​​ជំរុញ​រដ្ឋាភិបាល​ កម្ពុជា​ ឱ្យ​បញ្ឈប់​ការ​យាយី ​និង​ការ​ចោទប្រកាន់​អ្នក​សារព័ត៌មាន ​និង​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​គ្រាន់តែ​បំពេញ​ការងារ​របស់ពួកគេ​ ក្នុង​ការ​រាយការណ៍​អំពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​និយាយ និង​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩៕ ប្រភព អត្ថបទ RFA

Leave a Reply