ឃើញ​ហើយ​ស្លុត ទីបញ្ចុះ​សព​ដ៏​ធំ​នៅ​ប្រេស៊ីល​ត្រូវ​បាន​ត្រៀម​សម្រាប់អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ ដែលកំពុង​​កើន​ឡើង​យ៉ាង​គំហុក

រូបភាព​​លើ​អាកាស​បាន​បង្ហាញ​ពី​រណ្ដៅ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​ជីក​ថ្មីៗ​ នៅ​ឯ​ទី​បញ្ចុះសព​ដ៏​ធំ​បំផុត​របស់​ប្រេស៊ីល ​បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារវីរុសកូវីដ១៩បាន​កើន​ឡើង​ដល់ ៣២៩ នាក់​ ហើយ​ករណី​ឆ្លងបាន​កើន​ឡើង​ដល់ ៨០៧៦ នាក់។ ការ​កើន​ឡើង​យ៉ាង​លឿននៅ​ក្នុងប្រទេស​​អាមេរិក​ខាងត្បូង​មួយ​នេះ បាន​បង្ខំ​ឲ្យកម្មករ​នៅ​ទី​បញ្ចុះ​សព​ដែល​​ទំហំ ៧៨ម៉ឺនម៉ែត្រការ៉េ​ ​ត្រូវ​បង្កើន​ចំនួន​ផ្នូរ ស្រប​ពេល​ដែល​ទីនេះ​មាន​ផ្នូរ​បញ្ចុះសាកសព​ចំនួន ១,៥លាន​សាកសព​រួច​មកហើយ។

លោក Oswaldo dos Santos បាន​ឈរ​នៅ​មើល​បុរស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ឈុត​ការពារ​ដើម្បី​ជីក​ផ្នូរ​មួយ​យ៉ាង​រហ័ស​សម្រាប់​កូន​ប្រុស​អាយុ ៣៦ ឆ្នាំ​របស់​គាត់​នៅឯ Cemitério de Vila Formosa ដែល​ជា​ទី​បញ្ចុះ​សព​ធំ​បំផុត​នៅ​អាមេរិកឡាទីន។ ភាព​សោកសៅ​របស់​លោក​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ការ​ភ័យខ្លាច តើ​មាន​អ្វី​កើត​ឡើង ​ប្រសិន​បើ​លោក​មាន​ជំងឺ​កូវីដ១៩ នោះ? ចុះ​យ៉ាងណា​ តើ​ពួកគេ​ទាំងអស់​គ្នា​នឹង​ធ្វើ​យ៉ាងម៉េច​ទៀត?

ករណី​បែបនេះ ​បាន​កើត​មាន​នៅ​ប្រេស៊ីល​ដែល​អ្នក​ជំងឺ​​ត្រូវ​រង់ចាំ​យ៉ាង​ហោច​បី​ទៅបួន​​ថ្ងៃ​​ដើម្បី​បាន​ដឹង​លទ្ធផល​តេស្តថាតើ​ពួកគេ​បាន​ឆ្លង​ជំងឺ​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស ៣២៩ នាក់​ក្នុងប្រទេស​ខ្លួន​ដែរ​ឬ​ក៏អត់។ លោក dos Santos រស់​នៅ​ជាមួយ​កូន​ប្រុស​រហូត​ដល់​ថ្ងៃអាទិត្យ​នៅ​ពេល​ដែល​កូនលោក​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​ដោយ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ ដូចគ្នា​នឹង​មនុស្ស​ជា​ច្រើន​ដែរ​ដែល​កំពុង​បញ្ចុះ​ផ្នូរ​នៅ​ក្នុង​ទី​បញ្ចុះសព​​ ​កូនប្រុស​លោក​បាន​ស្លាប់​មុន​ពេល​ទទួល​បាន​លទ្ធផល​ធ្វើ​តេស្ត៍។ ការ​បញ្ចុះសព​បាន​ចំណាយ​ពេល​តែ ១០ នាទី​ប៉ុណ្ណោះ​ដោយ​ស្ថិត​នៅ​ក្រោម​គោលការណ៍​ណែនាំ​ថ្មី​ដើម្បី​កំណត់​ចំនួន​មនុស្ស​និង​ការ​ឆ្លង។

នក​ជីក​រណ្ដៅ​ដ៏​ធំ​នៅ Vila Formosa កំពុង​ធ្វើ​ការ​ក្នុង​ល្បឿន​ដ៏លឿនបំផុត ​ព្រោះ​បន្ទុក​របស់​ពួកគេ​បាន​កើន​ឡើង​ទ្វេដង​ ដោយ​ត្រូវ​បញ្ចុះជាង ៦០សាកសព​ក្នុង​មួយ​ថ្ងៃៗ។ កម្មករ​ដែល​ទទួល​បន្ទុក​ជីក​ផ្នូរ​កប​សព​បាន​និយាយ​ថា​ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​​ស្ថិតិ​ផ្លូវការ​ដែល​បាន​បង្ហាញ។

អ្នក​ជីក​ផ្នូរ​ចំនួន ៥ នាក់​បាន​និយាយ​ថា ​ចំនួន​នៃ​ការ​បញ្ចុះ​សព​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ជាមួយ​នឹង​ចំនួន​អ្នក​ដែល​បាន​ស្លាប់​មុន​ពេល​ទទួល​បាន​លទ្ធផល​សម្រាប់​ការ​ធ្វើ​តេស្ត៍​រក​មេរោគ។ ករណី​ទាំង​នោះ​មិន​ត្រូវ​បាន​រាប់​ភ្លាមៗ​នៅ​ក្នុង​ស្ថិតិ​ផ្លូវការ​របស់​ប្រេស៊ីល​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រេស៊ីល​គឺ​លោក Luiz Henrique Mandetta បាន​ទទួលស្គាល់​កាល​ពី​ថ្ងៃ​ពុធ​ថា ​ករណី​ឆ្លង​ជំងឺ​នេះ​ទំនង​ជា​ត្រូវ​បាន​គេ​រាយការណ៍​ ដោយសារតែ​ការ​ពន្យារ​ពេល​ធ្វើ​តេស្តិ៍។ ចំនួន​ពិត​គឺ​ខ្ពស់​ជាង​ទ្វេដង​គឺ​បី​ដង។

ទោះយ៉ាងណា ទី​ភ្នាក់ងារ​សេវាកម្ម​បុណ្យ​សព​នៃ​ក្រុង​សៅប៉ូឡូ​ ដែល​គ្រប់គ្រង​ទី​បញ្ចុះសព Vila Formosa មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​ការ​អត្ថាធិប្បាយបានឡើយ។ ចំណែក​បុគ្គលិក​នៅ​ទី​បញ្ចុះ​សព​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​បង្ហាញ​វិញ្ញាបនបត្រ​មរណភាព​ ដែល​បញ្ជាក់​ថា​អ្នក​ស្លាប់​ខ្លះ​មាន​ផ្ទុក​មេរោគ​នេះ។ សាកសព​ត្រូវ​បាន​រុំ​ដោយ​ប្លាស្ទិក។ មិន​មាន​ពិធី​ផ្លូវ​ការ​ទេ។ ហើយ ទី​ក្រុង​សៅប៉ូឡូ​ មាន​ទី​បញ្ចុះសព​ចំនួន ២២ ប៉ុន្តែ​មាន​តែកន្លែង​បូជា​សព​សាធារណៈ​មួយ​ប៉ុណ្ណោះ។

មេដឹកនាំ​សហជីព​នៅ​ឯ​ទី​បញ្ចុះ​សព ​លោក Joao Batista Gomes បាន​ទទូចថា “ ការជួបជុំ​មនុស្ស​គឺ​ជា​បញ្ហា” ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​សហជីព​របស់​យើង​ កំពុង​ធ្វើការ​តស៊ូ​មតិ​ ដើម្បី​លុបចោល​ពិធី​បុណ្យ​សព​ទាំងអស់៕

Leave a Reply