ក្រោយប្ដីប្រពន្ធតារាថៃ Lydia ឆ្លង Covid-19 អាណិតតែកូនប្រុសស្រីពួកគេទេ នៅតូចសោះត្រូវរស់នៅឃ្លាតពីឪពុកម្ដាយ….

នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ តារាចម្រៀងស្រីថៃដ៏ល្បីល្បាញគឺនាង Lydia Sarunrat បានប្រកាសលទ្ធផលជាផ្លូវការនៅលើគណនី IG របស់ខ្លួនថា នាងបានឆ្លងវីរុស Covid-19 ពីលោក Matthew Deane ជាស្វាមី ខណៈលោកបានឆ្លងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះតាំងពីថ្ងៃទី ១៣ ខែមីនា កន្លងមកម្ល៉េះ ។

ក្រោយធ្វើតេស្តិ៍ឃើញថាមានជំងឺ Covid-19 នេះ ប្ដី-ប្រពន្ធតារាថៃខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ ដោយតម្រូវឱ្យរស់នៅឃ្លាតឆ្ងាយពីកូនៗ និង ក្រុមគ្រួសារ ។ ក្រោយដឹងលទ្ធផលធ្វើតេស្តិ៍ថាវិជ្ជមានភ្លាម តារាស្រី Lydia នឹកឃើញមុនគេដល់កូនប្រុសស្រីរបស់នាងដែលពួកគេនៅតូចៗសោះ ត្រូវរស់នៅខ្វះភាពកក់ក្ដៅ និង ការមើលថែពីឪពុកម្ដាយ ។

សាររបស់តារាចម្រៀងស្រីខាងលើបានរៀបរាប់ក្នុងន័យថា «វាពិតជាពិបាកបំផុតដែលត្រូវនិយាយពាក្យថាលាហើយពីគ្រួសារ និង កូនៗ ត្រូវចាកចេញពីកូនៗជាទីស្រឡាញ់ទាំងពីរឱ្យរស់នៅគ្មានប៉ាម៉ាក់ដោយមិនដឹងរយៈពេលយូរប៉ុនណា ប៉ុន្ដែយ៉ាងហោចនៅមានលោកយាយលោកតា ដែលចាំមើលថែ ។ សង្ឃឹមថាកូន Demi នឹងមិនភ្លេចម៉ាក់ ហើយកូន Dylan នឹងមិនខឹងប៉ាម៉ាក់ដូចគ្នា»

ក្នុងសារដដែលនោះ តារាស្រី Lydia ក៏បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលអួលដើម-ក ទៀតថា ម៉ាក់ និង ប៉ា នឹងត្រឡប់មកវិញណាកូន មកច្រៀងបំពេកូនៗកុំឱ្យយំទៀត ៕

Leave a Reply