វត្តឈើខ្មៅ អាយុកាល ១៣៣ ឆ្នាំ ក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ នៅខេត្តបាត់ដំបង…..

វត្តឈើខ្មៅជាទួលសក្តិសិទ្ធិ និង ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូវកាល សម្លេង​កាណូត​បើក​កាត់​ផ្ទៃ​ទឹក​បង្កើតបានជា​រលក​តូចៗ​រត់​ប្រដេញ​គ្នា​តាម​ដងស្ទឹង​សង្កែ​ឆ្ពោះទៅកាន់ ​ភូមិ​កោះ​ជី​វាំង ឃុំ​ព្រៃ​ចាស់ ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលមាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណជា ៥៤ គី​ទ្បូ​ម៉ែត្រ ។

​នៅ​ចំ​ពីមុខ​ផ្លូវ​ធ្វើដំណើរ​គេ​ប្រទះឃើញ​វត្ត​បុរាណ​មួយ​ហាក់ដូចជា​ប្រាសាទ​ផុស​ចេញពី​ក្នុង​ផ្ទៃទឹក នៅ​កណ្តាល​តំបន់​ព្រៃរនាម​បឹង​ទន្លេសាប​នោះ គឺជា​វត្ត​ឈើខ្មៅ​ដែលជា​ទួល​សក្តិ​សី​ទ្ធិ ឬ ទួល​អណ្តែត​ដែល​សម្បូរ​ដោយ​ដើមឈើ​ខ្មៅ វត្ត​នេះ​សាងសង់​ទ្បើង​នៅ​ឆ្នាំ ​១៨៨៧  ហើយ​ព្រះវិហារ​វត្ត​ឈើខ្មៅ​ធ្វើ​ទ្បើង​ពី​រុក្ខជាតិ​ឈើខ្មៅ​សុទ្ធសាធ ។ វត្ត​នេះ​ក៍​ជា​កន្លែង​ដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​មក​ទស្សនា​គ្រប់​រដូវ​កាល​មុននឹង​ទៅ​ទស្សនា​ជុំរុំ​សត្វ​ស្លាប​ទឹក​ព្រែក​ទាល់ ។​

​វត្ត​ឈើខ្មៅ​សាងសង់​លើទី​ទួល​មួយ ​ដែល​ពី​ដើម​សម្បូរ​ទៅដោយ​ដើមឈើ​ខ្មៅ ហើយ​គេ​បាន​កាប់​ឈើ​នោះ​យកមក​ធ្វើ​ព្រះវិហារ ទើប​គេ​ឱ្យ​ឈ្មោះថា​ វត្ត​ឈើខ្មៅ ។ កាល​ដើម​ទ្បើ​យ​ទួល​នេះ​គឺជា​ទួល​សក្តិ​សិទ្ធិ​នៅក្នុង​កណ្តាល​តំបន់​ព្រៃរនាម​ដៃ​បឹង​ទន្លេសាប ។ ​ទោះបី​ជាមាន​ទឹកជំនន់​ធំ​ប៉ុណ្ណា ក៍​ទួល​ដែល​សាងសង់​ព្រះវិហារ​នោះ​ពុំដែល​លិច​ទ្បើ​យ ។ ហេតុនេះ​ទើប​អ្នកស្រុក​ប្រសិទ្ធិ​នាម​វត្តនេះថា “​ទួល​អណ្តែត​” ។

នៅ​រដូវប្រាំង ​ព្រះវិហារ​នេះ​មើលទៅ​ដូចជា​ប្រាសាទ​មួយ​ស្ថិតនៅ​កណ្តាល​ព្រៃរនាម ហាក់ដូចជា​អណ្តែត​​ពី​ក្នុង​ផ្ទៃ​ទឹក​ ហើយ​នៅលើ​ទួល​នេះ​មាន​សល់​ទូកង​មួយ​ធ្វើ​ពី​ឈើ​គគីរ​ដែល​ដុះ​នៅលើ​ទួល​នោះ ដែល​គេ​កសាង​ទ្បើង​ តាំងពី​ពេល​កកើត​វត្ត​ ហើយ​មាន​បារមី​ខ្លាំងពូកែ​ពេល​ប្រកួត​ម្តងៗ​មិនដែល​ចាញ់​គេ​ទេ​។​

វត្ត​ឈើខ្មៅ​នេះមាន​អាយុកាលប្រមាណជា ១៣៣ ឆ្នាំមកហើយ ពី​អតីតកាល​រហូត​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ផ្ទះ​អណ្តែត​ទឹក​ស្ថិតក្នុង​ ឃុំ​ព្រៃ​ចាស់ និង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ តែងតែ​នាំគ្នា​ធ្វើបុណ្យ​គោរពបូជា ​និង​ នៅតែមាន​ជំនឿ​លើ​បារមី​របស់​ព្រះ​ពុទ្ធរូប​នៅក្នុង​ព្រះវិហារ​វត្ត​ឈើខ្មៅ​ឬ​ទួល​អណ្តែត​នេះ​​៕

Leave a Reply