ចិត្តល្អមែន!! បងស្រីរូបស្រស់ ប្រកាសចែកអាកុលលាងដៃដោយឥតគិតថ្លៃ នៅក្រុងសៀមរាបម្នាក់កន្លះលីត្រ….

សៀមរាប៖ ជារឿងមួយគួរឲ្យកោតសរសើរដោយមានបងស្រីមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ Rothkanha Play បានប្រកាសថាបងស្រីនឹងធ្វើការចែកអាកុលលាងដៃដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតលុយអ្វីទេ ដែលការចែកនេះបងស្រីបានបញ្ជាក់ថានឹងធ្វើឡើងចាប់ពីម៉ោង២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅហាង SR ANGKOR Coffee មុខសាលាករុកោសល្យខេត្ត ដោយម្នាក់ទទួលបានអាកុលកន្លះលីត្រ។

ម្ចាស់គណនីហ្វេសប៊ុករូបនេះបានសរសេររៀបរាប់ថា៖ “អាកុលឡើងថ្លៃ១កានជិត១០០ដុល្លារ ហើយបើគេលក់១ដបទឹកសុទ្ធ កន្លះលីត្រ៩០០០រៀល អាណិតតែបងប្អូនប្រជាជនខ្លះគ្នាអត់លុយមិនដឹងបានអាកុលពីណាមកលាងសំអាតដៃ។ តែឥឡូវអ្នកសៀមរាបគ្នាយើងកុំបារម្ភ ខ្ញុំចែកFreeអាចមកយកបាននៅហាងSR Angkor coffeeបានណាបងប្អូនប្រជាជនខ្មែរយើង។ ចាប់ពីម៉ោង២ថ្ងៃហ្នឹងតទៅអាចមកយកបានចែកជូនបងប្អូនម្នាក់កន្លះលីត្រ។ ត្រូវលាងសំអាតដៃនិងថែសុខភាពទាំងអស់គ្នាណាបងប្អូនខេត្តសៀមរាបយើង”។

នេះជាទង្វើសប្បុរសធម៌ ដោយបងស្រីបានចូលរួមចំណែករំលែកអាកុលលាងដៃដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ សម្អាតដៃ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19) ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក នៅក្នុងក្រុងសៀមរាប៕

Leave a Reply