សុំកម្លាំងចិត្តម្នាក់មួយមក! ក្រុមគ្រូពេទ្យខេត្តសៀមរាប ក្លាយជាជួរមុខនៃសមរភូមិប្រយុទ្ធនឹង Covid-19

ខេត្តសៀមរាបជាទីកន្លែងទី១ក្នុងប្រទេសកម្ពុជា ដែលរកឃើញពលរដ្ឋខ្មែរជាបុរសវ័យ ៣៨ឆ្នាំម្នាក់ បានឆ្លងវីរុស Covid-19 ពីបុរសជនជាតិជប៉ុន និងត្រូវបានក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្វើសន្និសីទសារព័ត៌មានជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ។

ក្នុងពេលរកឃើញពលរដ្ឋខ្មែរដំបូងផ្ទុកវីរុសនេះ ត្រូវបានរដ្ឋាភិបាលលើកជាបញ្ហាអាទិភាពបំផុតដើម្បីប្រយុទ្ធប្រឆាំង និងរិះរកគ្រប់វិធីដើម្បីទប់ស្កាត់ការរីករាលដាល ។ ក្នុងនោះវិធានការមួយចំនួនត្រូវបានដាក់ចេញជាបន្ទាន់ដូចជា ការបិទសាលារៀនគ្រប់កម្រិតសិក្សា សាលាវិជ្ជាជីវបណ្ដោះអាសន្ននៅទីរួមខេត្តសៀមរាប និងសម្រេចលុបចោលនូវកម្មវិធីសង្ក្រាន្តជាដើម ។ ស្របពេលនេះដែរអ្នកដែលមានតួនាទីសំខាន់នៅក្នុងការព្យាបាល ការបំពេញកាតព្វកិច្ចរបស់ខ្លួននោះ គឺក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យផ្សេងៗទៀត ។

ដោយសារតែជាខេត្តដំបូងដែលរកឃើញពលរដ្ឋខ្មែរមានផ្ទុកវីរុស Covid-19 ជាហេតុនាំឱ្យមហាជន បុគ្គលសំខាន់ៗលើកឡើងថា ក្រុមគ្រូពេទ្យខេត្តសៀមរាបក្លាយជាសមរភូមិមុខដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ។

ជាក់ស្ដែងតាមរយៈគណនីហ្វេសប៊ុកលោកវេជ្ជបណ្ឌិត តាំង តឹកស្រេង បានបង្ហោះសារមួយជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យសៀមរាបថា «សូមលើកទឹកចិត្តអស់លោកគ្រូពេទ្យ និងបុគ្គលិកពេទ្យនៅសៀមរាប។ អស់លោកជាជួរមុខនៃសមរភូមិ» ។

បន្ថែមលើពីនេះទៀតលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប ក៏បានបង្ហោះនូវសារផ្ដល់កម្លាំងចិត្តយ៉ាងវែងអន្លាយដល់ក្រុមគ្រូពេទ្យ ។ ឃ្លាដ៏គួរឱ្យចាប់អារម្មណ៍ជាងគេលោកបានសរសេរថា គ្រូពេទ្យក៏មានគ្រួសារ គ្រូពេទ្យក៏ចេះភ័យខ្លាច គ្រូពេទ្យក៏អាចឆ្លងជំងឺដែរ ប៉ុន្តែ«គ្រូពេទ្យ»យល់ពីអ្វីដែលហៅថាកាតព្វកិច្ច ហើយនៅពេលដែលជាតិត្រូវការ «គ្រូពេទ្យ»បង្ហាញពីភាពអង់អាចក្លាហាន ពីការស្ម័គ្រចិត្ត និងពីការលះបង់របស់ពួកគាត់ ដើម្បីការពារសុវត្ថិភាពរបស់យើងទាំងអស់គ្នា ។

ចំណែកលោកគ្រូពេទ្យនៅខេត្តសៀមរាមម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Kom Kimhean បានសរសេរសារប្ដេជ្ញាចិត្តនៅក្នុងគ្រាមានអាសន្ននេះថា៖ ប្តេជ្ញាជាក្រុមរួចរាល់ហើយថានឹងបម្រើទាំងផ្លូវកាយ ផ្លូវចិត្តជូនប្រជាជន ជាពិសេសអ្នកសៀមរាប ។ សូមអគុណថ្នាក់ដឹកនាំក្រសួង និងមន្ទីរសុខាភិបាល គណៈគ្រប់គ្រងខេត្ត ប្រធានមន្ទីរពេទ្យខេត្តសៀមរាប និងសមាជិកក្រុមគ្រូពេទ្យយើង និងការគាំទ្រលើកទឹចិត្តពីរចម្ងាយរបស់បងប្អូន ៕ ចុះចំណែកបងប្អូនខ្មែរទូទាំងប្រទេសវិញមានពាក្យពេជន៍អ្វីជាការលើកទឹកចិត្តក្រុមគ្រូពេទ្យដែរទេ?

Leave a Reply