មន្ទីរសុខាភិបាលខេត្តតាកែវ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យកំដៅ និង បាញ់ថ្នាំការពារមេរោគ Covid-19 លើអ្នកទេសចរចេញចូល នៅច្រកទ្វារអន្តរជាតិភ្នំដិន….

នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២០ នេះ ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តតាកែវ បានដាក់ស្នាក់ការរបស់ខ្លួនជាប្រចាំ នៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ដើម្បីត្រួតពិនិត្យ និង ធ្វើការបាញ់ថ្នាំការពារជំងឺឆ្លងបណ្តាលមកពីមេរោគ COVID-19 លើក្រុមភ្ញៀវទេសចរ ដែលបានចូលមកតាមច្រកទ្វារអន្តរជាតិភ្នំដិន ។

ការធ្វើបែបនេះ គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង្ការ និង ប្រយុទ្ធប្រឆាំងការពារពីការរីករាយដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបណ្តាលមកពីមេរោគ Covid-19 ដែលជំងឺនេះកំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយក្នុងនេះនៅកម្ពុជាក៏មានករណីឆ្លងជំងឺនេះផងដែរ ដែលគេរកឃើញលើជនជាតិបរទេសចំនួន ២ ករណី ។

គួរឱ្យដឹងដែរថា មកទល់នឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជាទទួលស្គាល់ថាមានអ្នកឆ្លងជំងឺនេះ ២ ករណី ដែលករណីទី ១ កើតទៅបុរសជនជាតិចិន ត្រូវបានគេរកឃើញនៅខេត្តកំពង់សោម និង បានព្យាបាលហើយបញ្ជូនត្រលប់ទៅប្រទេសចិនវិញកាលពីកន្លងទៅនេះ ។

ចំពោះមួយករណីទៀត គឺកើតទៅលើបុរសជនជាតិជប៉ុន ដែលជាពាណិជ្ជកររកស៊ីម្នាក់មករកស៊ីនៅខេត្តសៀមរាប ហើយរូបលោកត្រូវបានគេរកឃើញមានផ្ទុកមេរោគ Covid-19 ខណៈដល់ប្រទេសជប៉ុន ក្រោយចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ៕

Leave a Reply