ព្រះសង្ឃនៅថៃ ជាច្រើនអង្គកាត់ដេរស្បង់ធ្វើ «ម៉ាស់» ដើម្បីពាក់ការពារមេរោគឆ្លង Covid-19

កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ អជ្ញាធរខេត្តពិស្ណុលោក «Phitsanulok» ប្រទេសថៃ បានសហការចូលរួមបង្កើតម៉ាស់ក្រណាត់ធ្វើស្បង់ជីវរ ដើម្បីបំរើដល់យុទ្ធនាការប្រឆាំង និង ការពារមេរោគ Covid-19 ដែលរៀបចំឡើងរយៈពេល ២ ថ្ងៃជាប់គ្នា ដោយខណៈសង្ឃ និង ព្រះសង្ឃ ក្នុងខេត្តពិស្ណុលោក ។

នៅក្នុងសកម្មភាពនោះ មានព្រះសង្ឃមកពីស្រុកទាំង ៩ ក្នុងខេត្តពិស្ណុលោក «Phitsanulok» ដោយបានបែងចែកជាក្រុមដើម្បីកាត់ដេរក្រណាត់ស្បង់ថ្មីៗធ្វើជាម៉ាស់ ។ សកម្មភាពដេរម៉ាស់ពីស្បង់ដោយព្រះសង្ឃ និង អជ្ញាធរខេត្តពិស្ណុលោកនេះ បានធ្វើឱ្យមហាជនថៃភ្ញាក់ផ្អើល និង កោតសរសើរយ៉ាងខ្លាំង ដែលការធ្វើបែបនេះគឺជាការចូលរួមចំណែកប្រយុទ្ធប្រឆាំង និង ការពារមេរោគ Covid-19 ដែលកំពុងរាតត្បាតខ្លាំងនោះ ។

គួរឱ្យដឹងដែរថា ម៉ាស់ដែលធ្វើឡើងពីស្បង់ជីវរនេះ ត្រូវបានធ្វើឡើងដើម្បីចែកចាយជាធម្មទានទៅកាន់ព្រះសង្ឃ និង ពុទ្ធបរិស័ទតាមទីប្រជុំជននានា ដែលចំនួនម៉ាស់មានប្រមាណជា ៦០០០ ម៉ាស់ ៕

Leave a Reply