ទីបំផុតកំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ នឹង​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ដែល​ផ្ទុះ​ការ​តវ៉ា…..

ភ្នំពេញ​ ៖​ កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ លោក ព្រាប សុវត្ថិ បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ​ថា​ លោក​នឹង​ទទួលយក​ការ​ដោះស្រាយ​តាម​សំណូមពរ​​ ហើយ​និង​សំណើ​​របស់​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការតវ៉ា​កាលពី​ថ្ងៃទី​០៤ ​ខែមីនា​ ក្រោយ​ពេលដែល​លោក​វិលត្រឡប់​ពី​ខេត្ត​មកដល់​ភ្នំពេញ​វិញ។

លោក​ព្រាប សុវត្ថិ បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរសព្ទ​ ខណៈពេល​លោក​កំពុង​ធ្វើដំណើរ​នៅលើ​ឡាន​មកពី​ការ​ច្រៀង​នៅ​ខេត្ត​មណ្ឌលគិរី​ឆ្ពោះ​មក​ក្រុងភ្នំពេញ​វិញ​ដូច្នេះ​ថា ​អ្វីដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​នោះ​ គឺ​យើង​នឹង​ធ្វើតាម​ការ​ស្នើ​​សុំ​របស់​ពួកគាត់ ​ពេលមកដល់​ភ្នំពេញ​វិញ​។​ ម្យ៉ាងទៀត​អំឡុង​ពេល​ពួកគាត់​តវ៉ា​នោះ ​គឺ​ខ្ញុំ​មិនបាន​នៅផ្ទះ​ទេ​ព្រោះ​ចេញ​មក​ច្រៀង​នៅ​ខេត្ត​៣​ឬ​៤​ថ្ងៃ​ហើយ​។​

តារា​ចម្រៀង ​ដែល​នៅតែ​រក្សា​បានការ​គាំទ្រ​ និង​ប្រជាប្រិយភាព​ខ្ពស់​ លោក ព្រាប សុវត្ថិ បាន​បន្ត​ថា ​អំឡុង​ពេល​ដែល​លោក​មិនបាន​នៅផ្ទះ​ប៉ុន្មាន​ថ្ងៃនេះ ​ប្រហែល​អាច​មកពី​ជាងឈើ​គាត់​មានការ​ធ្វេសប្រហែស​មិនបាន​ពិនិត្យ​ដិតដល់​ក្នុង​ការ​ដាក់​រៀបចំ​ឈើ​ឲ្យ​បាន​ត្រឹមត្រូវ​ ដែល​នាំ​ឲ្យ​ពិបាក​ដល់​ពួកគាត់​(​ប្រជាពលរដ្ឋ​)​ក្នុងការ​ធ្វើដំណើរ ​ទើប​បណ្តាល​ឲ្យ​មានរឿង​ហេតុនេះ​កើតឡើង​តែម្តង។

លោក ព្រាប សុវត្ថិ បាន​និយាយ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ទៀត​ថា ​ពេលមកដល់​ភ្នំពេញ​វិញ​លោក​នឹង​ជួប​សម្រុះសម្រួល​សួរនាំ​ពី​ហេតុផល​ជាមួយ​ប្រជាពលរដ្ឋ ​ព្រោះ​ពេល​កើតមាន​បញ្ហា​លោក​មិនបាន​នៅផ្ទះ​ទេ​ គឺ​កំពុងស្នាក់នៅ​ឯ​ខេត្ត​ ទើប​រឿង​ខ្លះ​មិន​បាន​ដឹង​ច្បាស់។ លោ​កថា ​បើសិនជា​មុនពេល​មាន​បញ្ហា​នេះ​កើតឡើង ​ហើយ​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ទៅ​អាជ្ញាធរ​ឬ​លោក​ផ្ទាល់​នោះ ​គឺអាច​នឹង​សម្រុះសម្រួល​គ្នា​គ្មាន​រឿង​នេះ​កើតឡើង​ទេ។

នៅពេល​សួរថា​តើ​តួលេខ​ប្រជាពលរដ្ឋ​ដែល​ទៅ​តវ៉ា​មាន​ចំនួន​៧០​គ្រួសារ​នោះ​ពិត​ដែរឬទេ​?​ ចំណុច​នេះ​លោក ព្រាប សុវត្ថិ បាន​បញ្ជាក់ថា ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ ​តែ​បើសិនជា​ពួកគាត់​ផ្តិតមេដៃ​មាន​ចំនួន​ប៉ុន្មាន​គឺ​អាស្រ័យ​លើ​ហ្នឹង​ បើ​គាត់​ថា​៧០​គ្រួសារ​ក៏​៧០​គ្រួសារ​ទៅ។ លោក ព្រាប សុវត្ថិ បាន​បន្ថែមថា ​រាល់ថ្ងៃ​ការរស់នៅ​តំបន់​នោះ​រវាង​លោក​និង​អ្នកជិតខាង​ មិនដែល​ធ្លាប់មាន​ជម្លោះ​ទាស់ទែង​ពាក្យសម្តី​គ្នា​ទេ​ ពោលគឺ​ពេល​ល្ងាច​ឲ្យ​តែ​ទំនេរ​ តែង​ជួប​មុខ​ជជែក​គ្នា​លេង​ជា​ធម្មតា​។​

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​០៤ ​ខែមីនា​ ឆ្នាំ​២០២០​ មាន​ព័ត៌មាន​ដ៏​រសើប​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ ​ដែល​រស់នៅ​ជិត​ផ្ទះ​លោក ព្រាប សុវត្ថិ បាន​នាំគ្នា​ផ្ទុះ​ការតវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​គោក​ឃ្លាំង​និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ជួយ​រក​ដំណោះស្រាយ​ករណី​លោក ព្រាប សុវត្ថិ បាន​រំលោភ​ផ្លូវ​សាធារណៈ​និង​បង្ក​ការ​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ។ ក្នុងការ​តវ៉ា​នោះ​ប្រជាពលរដ្ឋ​បានស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ​នូវ​ហេតុផល​ចំនួន​៤​ចំណុច​៖១,​ស្នើ​​ឲ្យ​លោក​ព្រាប សុវត្ថិ បញ្ឈប់​ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ​។ ២,​ស្នើ​ឲ្យ​បញ្ឈប់​ធ្វើ​រោង​ឈើ​បិទផ្លូវ​។

៣,​ស្នើ​​ឲ្យ​បញ្ឈប់​ចត​រថយន្ត​បិទផ្លូវ​គ្មាន​សណ្ដាប់ធ្នាប់​និង​៤,​ស្នើ​​ឲ្យ​បញ្ឈប់​រោទ៍​សំឡេង​រថយន្ត​លាន់​ខ្លាំងៗ​ធ្វើ​ឲ្យ​មាន​សំឡេង​រំខាន​ដល់​ការរស់នៅ​ពួកគាត់​។ ប៉ុន្តែ​ជាការ​ឆ្លើយតប​លោក ព្រាប សុវត្ថិ បញ្ជាក់ថា​ លោក​នឹង​ទទួលយក​ការ​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​៕

Leave a Reply