អ៊ីតាលី ប្រកាសបិទសាលារៀនទាំងអស់ ក្រោយចំនួនអ្នកស្លាប់ដោយវីរុស COVID-19 ឡើងដល់ ១០៧ នាក់….

អ៊ីតាលី៖ ប្រទេសអ៊ីតាលីបានបញ្ជាក់ថា ខ្លួននឹងបិទសាលារៀនទាំងអស់ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រយៈពេល១០ថ្ងៃ ដើម្បីទប់ទល់នឹងការផ្ទុះឡើង នៃវីរុសថ្មីនេះ។ មនុស្សសរុបចំនួន ១០៧នាក់ ត្រូវបានសម្លាប់ ដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅប្រទេសអ៊ីតាលី ដែលមានការផ្ទុះឡើងធ្ងន់ធ្ងរបំផុត នៅអឺរ៉ុប។

នាយករដ្ឋមន្ដ្រីលោក Giuseppe Conte បាននិយាយថា សេវាកម្មសុខាភិបាលមានហានិភ័យខ្ពស់។ ភាគច្រើននៃករណីឆ្លងជាង ៣,០០០ គឺនៅភាគខាងជើង ប៉ុន្ដែករណីផ្សេងទៀតត្រូវបានរាយការណ៍ នៅក្នុងតំបន់ចំនួន១៩ នៃតំបន់ចំនួន២០ របស់ប្រទេសអ៊ីតាលី។

នៅទូទាំងពិភពលោក មានមនុស្សប្រហែល ៣,២០០នាក់ បានស្លាប់និងជាង ៩០,០០០នាក់ បានឆ្លងជំងឺនេះ​​ហើយភាគច្រើន ស្ថិតនៅក្នុងប្រទេសចិន ដែលវីរុសនេះបានលេចចេញ កាលពីចុងឆ្នាំមុន។

អង្គការសុខភាពពិភពលោក រហូតមកដល់ពេលនេះ មិនទាន់បានប្រកាសពីការរាតត្បាតគ្រប់ទីកន្លែង ដែលមានន័យថា វាអាចរាតត្បាតពាសពេញពិភពលោក ប៉ុន្ដែនៅថ្ងៃពុធនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលអាល្លឺម៉ង់បាននិយាយថា គួរតែដល់ពេលកំណត់ហើយ។

ករណីឆ្លងនៃជំងឺកូវីដ-១៩ ដែលបានរាយការណ៍ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន៨១ រួមមានអ៊ីតាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូង ដែលលេចចេញជាចំណុចធ្ងន់ធ្ងរបំផុត នៅខាងក្រៅប្រទេសចិន។

ប្រទេសចិនដីគោកនិងហុងកុង ជប៉ុន អ៊ីរ៉ាក់ និងអារ៉ាប់រួម បានប្រកាសបិទទ្វារសាលារៀនរួចហើយ ដែលជំងឺនេះអាចធ្វើឲ្យប៉ះពាល់ ដល់សិស្សសាលារាប់លាននាក់។ ប្រទេសបារាំងក៏បានបិទសាលារៀនប្រហែល ១២០កន្លែង នៅក្នុងតំបន់ដែលមានចំនួនករណីឆ្លងវីរុសកូរ៉ូណាច្រើនបំផុត៕

Leave a Reply