អង្គការ Wonders of the Mekong ព្រមានពីការថយចុះខ្លាត្រី នៅតំបន់អាស៊ីអាគ្នេយ៌

អង្គការ Wonders of the Mekong បានធ្វើការព្រមានពីការថយចុះ ខ្លាត្រី យ៉ាងខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៌ នាពេលបច្ចុប្បន្ននេះ ។ ការព្រមានបែបនេះគឺធ្វើឡើង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ ដោយអង្គការ បានបង្ហាញពី ខ្លាត្រី ដែលកំពុងថយចុះយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៌ ។

ខ្លាត្រី មានឈ្មោះវិទ្យាសាស្ត្រថា Prionailurus viverrinu – វាមើលទៅដូចគ្នាជាខ្លាំងទៅនឹងឆ្មាស្រុក ដែលយើងទាំងអស់គ្នាស្គាល់ និង ស្រលាញ់ ប៉ុន្តែវាមានជំនាញមួយ គួរឱ្យភ្ញាក់ផ្អើល ដែលផ្ទុយគ្នាទៅនឹងឆ្មាស្រុកទូទៅ។ ឆ្មាដែលប្រកបដោយធនធាននេះ ត្រូវបានគេដាក់ឈ្មោះតាមសមត្ថភាពដ៏ល្បីល្បាញរបស់វាក្នុងការប្រមាញ់ចំណីដែលជាប្រភេទពពួកសត្វក្នុងទឹកយ៉ាងសកម្មបំផុតនៅពេលយប់ ។

ពួកវាស៊ីសត្វកកេរតូចៗ បក្សី និង ត្រីទឹកសាប ។ ខ្លាត្រីបានសម្របខ្លួនវាទៅនឹងជីវិតនៅក្នុងទឹក និង លើគោកជាមួយនឹងរោមខ្លី ក្រាស់ ពីរស្រទាប់ និង មិនជក់ទឹក រួមទាំងរោមវែងៗដែលផ្តល់ឱ្យខ្លាត្រីមាន ក្រឡាខ្លួនឆ្នូត និង រូបរាងស្រស់ស្អាត ។ ពួកវាថែមទាំងមាន ក្រញាំជើង និង ម្រាមជើងមានទំហំធំជាងឆ្មាស្រុករបស់អ្នក ដែលធ្វើឱ្យការប្រមាញ់នៅក្រោមទឹកមានភាពងាយស្រួលមែនទែន ។

ពពួកសត្វខ្លា ដែលចូលចិត្តស៊ីត្រីទាំងនេះអាចផ្លាស់ទី ដោយសម្រាលខ្លួន(ហោះ) យ៉ាងលឿន និង ស្ងាត់ស្ងៀមឆ្លងកាត់ទឹករាក់នៃតំបន់ដីសើម ហើយប្រើពុកមាត់វែងៗរបស់ពួកវាប៉ះនឹងផ្ទៃទឹកដែលប្រៀបបាននឹងអង់តែនដើម្បីចាប់រកចលនានៅក្រោមទឹក ។ ពួកវាធ្វើការគណនាដោយប្រុងប្រយ័ត្ននូវចម្ងាយពិតប្រាកដនៃចំណីរបស់ពួកវា ហើយជ្រមុជក្បាលទៅក្នុងទឹកមុន បន្ទាប់មកវាយប្រហារដូចជាសត្វពស់យ៉ាងប៉ិនប្រសព្វឥតខ្ចោះ គួរឱ្យភ្ញាក់ផ្អើល ។

ខ្លាត្រី ដែលគេកម្រនឹងជួបនេះ តាំងទីជម្រកនៅទូទាំងអាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ប៉ុន្តែ ជម្រកពិតប្រាកដរបស់វា មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយសារតែធម្មជាតិ ដ៍អាថ៌កំបាំងរបស់វា ។ អ្វីដែលយើងដឹងនោះគឺថា សត្វឆ្មាព្រៃ ដែលស្រលាញ់ទឹកនេះចូលចិត្តតំបន់ដីសើម ព្រៃកោងកាង ឬ តំបន់ព្រៃរបោះ (ព្រៃល្បោះ) ណា ដែលមានសំណើម ដូចជាវាលភក់ទន្លេមេគង្គ ។

ជាអកុសល តំបន់ដែលបានរៀបរាប់ខាងលើ កំពុងតែបាត់បង់ដោយសារតែចំណាប់អារម្មណ៍របស់មនុស្សក្នុងការអភិវឌ្ឍន៍ដី – ខ្លាត្រីកំពុងតែបាត់បង់ទីជំរកយ៉ាងឆាប់រហ័សដូចគ្នាដែរទៅនឹងត្រីដែលជាចំណីរបស់វា ។ វាត្រូវបានគេចាត់បញ្ជូលជាក្រុមសត្វ “ ងាយរងគ្រោះ” នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ចំនួនសត្វខ្លាត្រីរៃនេះ កំពុងថយចុះយ៉ាងឆាប់រហ័ស និង ខិតទៅជិតការផុតពូជនៅតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍ ។ វាពិតជាការចាំបាច់ណាស់ក្នុងការស្វែងយល់ពីសារៈសំខាន់នៃការរួមរស់ជាមួយគ្នាប្រសិនបើយើងចង់រីករាយនឹងសត្វស្រស់ស្អាតដូចជាខ្លាត្រីនេះនៅពេលអនាគត៕

Leave a Reply