ស្រស់បំព្រងក្រៃលែង! ចម្ការផ្កាឈូករ័ត្ន ស្បៃរឿង កំពុងប្រណាំងគ្នារីកស្គុះស្គាយ នៅដែនដីត្បូងឃ្មុំ….

ចម្ការ​ផ្កា​ឈូក​រ័ត្ន​ និងស្បៃរឿងដែល​ស្ថិតនៅ​ក្នុង​ឃុំជីរោទ៍ទី១ ស្រុក​ត្បូង​ឃុំ ខេត្ត​ត្បូង​ឃ្មុំ ចាប់ផ្ដើមដល់រដូវរីកជាថ្មីម្ដងទៀត បង្អួតសម្រស់យ៉ាងស្រស់បំព្រងនៅលើផ្ទៃដីជាង ៥ហិកតា ។ ចម្ការផ្ដាដ៏ល្វឹងល្វើយនេះ បានក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់យុវវ័យ និងភ្ញៀវទេសចរទូទៅឱ្យទៅថតរូបលេងកម្សាន្ត និងគយគន់សម្រស់ផ្កា ចោលក្លិនក្រអូបភាយធ្វើឱ្យរំសាយអស់នូវរាល់ទុកកង្វល់ ។

បើតាមលោក ប៉ត សុផល ជាម្ចាស់ចម្ការផ្កានេះបានឱ្យដឹងថា តាមពិតទៅការដាំផ្កាទាំងនេះដើម្បីជាការទាក់់ទាញឃ្មុំឱ្យទៅក្រេបលម្អងប៉ុណ្ណោះ ដើម្បីឱ្យឃ្មុំទាំងនោះបង្កើតសម្បុកសម្រាប់យកទឹក ។ ដោយសារការដាំយ៉ាងមានរបៀបរៀបរយ បានរំលេចឱ្យចេញជាទេសភាពដូចក្នុងរូបគំនូរ ធ្វើឱ្យយុវជនប្រុសស្រី ក្មេងចាស់ នាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដី ។ ផ្កាឈូករ័ត្នធំៗពណ៌លឿងខ្ចីកំពុងរីកយ៉ាងធំៗ ដំណាលគ្នានឹងផ្កាស្បៃរឿងកំពុងក្រពុំពេញទីបានធ្វើឱ្យទេសភាពនៅទីនោះស្អាតរកថាមិនត្រូវ ថតរូបមិនចេះជិនណាយ ។

ដោយឡែកដើម្បីអាចចូលទស្សនាចម្កាផ្កាដ៏ស្រស់ស្អាតនេះ មិនតម្រូវឱ្យទិញសំបុត្រចូលទស្សនាអ្វីឡើយ គ្រាន់តែបង់ថ្លៃម៉ូតូ ១០០០រៀល និងរថយន្ត ៣០០០រៀល ។ ដើម្បីអាចទៅដល់ទីនោះ ប្រិយមិត្តត្រូវ​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​គីហ្សូណា​ត្រើយ​ខាង​កើត​តាម​ផ្លូវ​បេតុង​ចម្ងាយ​៦​គីឡូម៉ែត្រ ជិត​ដល់​វត្ត​ជី​រោទ៍​បត់​ស្ដាំ​ដៃ​បន្តិច នឹងទៅដល់ទីនោះហើយ ៕

Leave a Reply