មកស្គាល់កសិដ្ឋានដ៏ធំមួយនៅសៀមរាប ដាំបន្លែតាមស្ដង់ដារបច្ចេកទេស ប្រើជីធម្មជាតិសុទ្ធសាធ….

បន្លែដែលដាក់លក់នៅក្នុងទីផ្សារភាគច្រើនមិនសូវមានការទុកចិត្តពីប្រជាពលរដ្ឋច្រើននោះឡើយ ដោយពួកគាត់យល់ថាបន្លែទាំងនោះបានប្រើប្រាស់ថ្មាំគីមីច្រើនដើម្បីឱ្យឆាប់ធំធាត់ ។ យ៉ាងណាមិញ ចម្ការបន្លែធម្មជាតិរបស់កសិករខ្មែរ ក៏មានច្រើនផងដែរនៅតាមបណ្តាខេត្តផ្សេងៗ ដែលភាគច្រើនត្រូវបានយកទៅដាក់លក់នៅក្នុងផ្សារបន្លែសរីរាង្គ ។

ជាក់ស្តែង ថ្មីៗនេះ លោកជំទាវ ទាង អេង ទៀ សីហា បាន ចុះពិនិត្យមើលទីតាំងដាំបន្លែសុវត្ថិភាព “happy+co farm” ដែលស្ថិតនៅក្នុងភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ជម្រុញការដាំដុះបន្ថែម និងទទួលយកសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ម្ចាស់កសិដ្ឋាន ។

លោកជំទាវ មានប្រសាសន៍បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវថា៖ “អរគុណសន្តិភាព ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ។ បងប្អូនសាកក្រឡេកមកមើលការដាំបន្លែលក្ខណៈបែប Bio Organic របស់កសិដ្ឋាន Happy +Co នៅក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី និងត្រូវរក្សាសីតុណ្ហភាព ២៧អង្សារ រយៈពេលនៃការប្រមូលផលគឺចន្លោះពី ៥ទៅ៧សប្ដាហ៍ ។

អ្វីដែលសំខាន់នោះ ក្នុងវិស័យកសិកម្មរបស់ Happy+Co ផ្ដោតលើគុណភាព សុវត្ថិភាព និងសុខភាពរបស់អតិថិជនជាចំបង ដែលបន្លែរបស់គាត់មិនប្រើជីគីមីឡើយ ជាពិសេសគាត់បានជួយឱ្យបងប្អូនកសិករនៅក្នុងមូលដ្ឋានមានការងារធ្វើ និងកាត់បន្ថយការ ធ្វើការចំណាកស្រុកថែមទៀតផង ។ នេះគឺជាការចែករំលែកបទពិសោធន៍ថ្មីៗ ដែលនាងខ្ញុំទទួលបាន ពីប្រជាពរដ្ឋរស់នៅក្នុងខេត្តសៀមរាប 🙏💙” ៕

Leave a Reply