ក្តីសង្ឃឹម2NE1 វិលមកជុំគ្នាប្រហែលជាគ្មាន ព្រោះ Minzy ទើបតែចាញ់ក្តី ផ្តាច់កុងត្រាជាមួយផលិតកម្មមិនបានសម្រេច….!

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍នៅថ្ងៃទី៤ ខែធ្នូនេះ បានឲ្យដឹងថា តុលាការបានសម្រេចច្រានចោលនូវសំណើបណ្តឹង របស់តារាចម្រៀងស្រី Minzy អតីតសមាជិកក្រុម 2NE1 ទុកជាមោឃៈទាក់ទងនឹងការផ្តាច់កិច្ចសន្យារវាងនាង ជាមួយនឹងផលិតកម្ម Music Works។គួររម្លឹកថា កាលពីខែកញ្ញាកន្លងទៅ Minzy បានដាក់ពាក្យបណ្តឹងស្នើសុំឲ្យលុបចោលកុងត្រារវាងនាងជាមួយនឹងភ្នាក់ងារតន្រ្តី Music Work ហើយនាងក៏បានស្នើសុំថ្លៃឈ្នួលបញ្ចប់កិច្ចសន្យាចំនួន ៥០លានវ៉ុន (៤២,០០០ ដុល្លារអាមេរិក) ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក្រោយដំណើរការផ្លូវច្បាប់ ខាងតុលាការបានប្រកាសថា កុងត្រារបស់ Minzy ជាមួយនឹង Music Works នៅតែមានសុពលភាព ដោយបដិសេធទាំងស្រុងចំពោះសំណើផ្តាច់កិច្ចកុងត្រារបស់ Minzy។ក្រោយពីភាគីខាង Music Works ឈ្នះក្តីហើយ អ្នកតំណាងម្នាក់ក៏បានចេញមុខថ្លែងប្រាប់ទៅកាន់សារព័ត៌មានថា៖«វាជាការពិតដែលសំណើសុំបញ្ចប់កិច្ចកុងត្រារបស់ Minzy ត្រូវបានច្រានចោល ហើយយើងក៏នឹងគ្រោងធ្វើការពិភាក្សាអំពីសកម្មភាព នាពេលអនាគតបន្តបន្ទាប់ទៀត ជាមួយនឹងនាងដោយភាពពេញចិត្តផងដែរ»។
គួរឲ្យដឹងថា តារាចម្រៀងស្រី Minzy បានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងក្រុមចម្រៀង 2NE1 ក្នុងឆ្នាំ២០០៩។ ហើយបន្ទាប់ពីនាងបានចាកចេញពីផលិតកម្ម YG Entertainment  មកក្នុងឆ្នាំ២០១៦ នាងក៏បានផ្លាស់ទៅកាន់ផលិតកម្ម Music Works ហើយ Minzy ក៏បានបន្តសកម្មភាពរបស់នាង ដោយបានចេញអាល់ប៊ុមបទចម្រៀងទោលផ្ទាល់ខ្លួន ក៏ដូចជាបទចម្រៀង OST ជាច្រើនផ្សេងទៀតផងដែរ៕

Leave a Reply