ឆ្នាំថ្មីជិតដល់ហើយ! តោះមកដឹងពេលវេលា និងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ទាំងអស់គ្នា

ភ្នំពេញ: ដូចដែលប្រិយមិត្ត និងពុកម៉ែ បងប្អូនបានដឹងរួចមកហើយថា នៅសល់មិនដល់ត្រឹមតែជាង១សប្តាហ៍ទៀតផង ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនឹងខិតជិតចូលមកដល់ ដែលថ្ងៃមហាសង្រ្កានត្រូវចំនឹងវេលាម៉ោង​០៤:០០នាទីព្រឹកព្រហាម​ (យាមទី៧)​ នៃថ្ងៃពុធ​ ថ្ងៃ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមមេសា ឆ្នាំ២០២១ នាសប្តាហ៍ក្រោយនេះតែម្តង។

យ៉ាងណាមិញ ចំពោះទេពធីតាឆ្នាំថ្មី ដែលនឹងត្រូវយាងមកគ្រប់គ្រងជម្ពូទ្វីបសម្រាប់ឆ្នាំ២០២១នេះ ទ្រង់មានព្រះនាមថា មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ទ្រង់សំពត់ពស្ត្រា​​អម្ពរ ពណ៌អន​ ព្រះកាណ៌​ ទ្រង់លម្អព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អាភរណ:​ ទ្រង់ពាក់កែវពិទូរ្យ​ (ពេជ្រភ្នែកឆ្មា) ​អាវុធ ទ្រង់គឺ​ព្រះហស្ថស្តាំ​ ម្ជុល​ ព្រះហស្ថឆ្វេង​ទ្រង់ ឈេីច្រត់ ​ទ្រង់គង់លើពាហន:​​សត្វគទ្រភ​ (សត្វលា) ភក្សាហារ(អាហារ) ទ្រង់សោយទឹកដោះសិប្បិ (ទឹកដោះថ្លា) នៃបញ្ចាគោរស់ ទាំង៥ គឺ “ទឹកដោះគោឆ្អិន” ដែលនឹងយាងមកបន្តវេនពីព្រះនាង គោរាក្សសាទេវី ដែលជាទេពធីតាឆ្នាំចាស់។

ដោយឡែកសម្រាប់រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន ហើយក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ បន្ទាប់មក នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្ត នៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូន ចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឲ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺថែមទៀតផង៕

Leave a Reply