ភ្នំពេញ៖ ស្ត្រីម្នាក់ជា អតីតតំណាងចែកចាយផ្តាច់មុខ CTM ដែល បានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារ ពេលនេះលោកស្រី ទ្រី កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា
ជាតំណាងចែកចាយលក់ផលិតផលគ្រឿងសំអាងប្រេនថ្មី CTM ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចែកចាយចំនួន១២នាក់ ដោយប្រមូលលុយបានជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុម និងមិនទូទាត់លុយឲ្យម្ចាស់ប្រេន។
ហេតុការណ៍ឃាត់ខ្លួនខាងលើនេះនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញយោង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
តាមពាក្យបណ្ដឹងបទឆបោក ដោយតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួនទេ ហើយដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែងបើនៅតែរឹងរូសមិនចូលខ្លួន។
សូមជម្រាបថា ជនសង្ស័យឈ្មោះណើ ចាន់ត្រា អតីតម្ចាស់ប្រេន(brand) ផលិតផលចែកចាយផ្តាច់មុខ CTM បានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនក្រោយពីបានទទួលលុយកូនក្រុមជាតំណាងចែកចាយចំនួន១២នាក់
នូវថវិកាប្រមាណជិត១លានដុល្លារហើយប៉ុន្ដែមិនបានប្រគល់ប្រាក់ឲ្យម្ចាស់ប្រេនដើម និងមិនប្រគល់ផលិផលឲ្យកូនក្រុមតំណាងចែកចាយទាល់តែសោះ រហូតកូនក្រុមបានដាក់ពាក្យបណ្ដឹងចាត់ការតាមច្បាប់តែម្ដង។
ពេលនេះលោកស្រី ទ្រី ដាណា បានបញ្ឈប់ ឈ្មោះណើ ចាន់ត្រាពីតំណាងចែកចាយហើយថែមទាំងចេញមុខប្តឹងរកយុត្តិធម៌ជូនបងប្អូនកូនក្រុមដែលរងគ្រោះទាំងអស់ថែមទៀត លុះរហូតដល់ព្រឹកថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់
ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះណើ ចាន់ត្រា ដើម្បីបញ្ជូនទៅកាន់តុលាការ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនដើម្បីសាកសួរនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕