ទើបតែបើកបវេសនកាលទទួលសិស្សឱ្យចូលរៀនមិនទាន់បានប៉ុន្មានខែផង ពេលនេះក្រសួងអប់រំប្រទេសថៃចេញសេចក្ដីប្រកាសបិទសាលាភ្លាមៗចំនួន ១២៩ កន្លែងក្នុងខេត្តសាមុតសាខន ខណៈដែលពេលនេះកូវីដ១៩ កំពុងតែវាយលុកខ្លាំងក្នុងខេត្ត ។
ស្ថិតក្នុងពេលនេះ ខេត្តសាមុតសាខន គឺជាខេត្តមួយដែលទទួលការរាតត្បាតច្រើនជាងគេក្នុងប្រទេសថៃ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ក៏ ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ រួមសហការគ្នាដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលនូវជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។
យ៉ាងណាមិញ តាមរយៈសារព័ត៌មានមួយក្នុងស្រុករបស់ថៃ បានឱ្យដឹងថា ក្នុងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងអប់រំបានចេញសេចក្ដីប្រកាសឱ្យបិទសាលារៀនមួយចំនួនធំក្នុងខេត្តសាមុតសាខន
ដោយបិទដំណើរការបង្រៀនរបស់ខ្លួនសិនខណៈដែលពេលនេះកូវីដកំពុងតែវាយលុកខ្លាំងក្នុងខេត្ត ដែលវាអាចបង្កជាហានិភ័យខ្ពស់ចំពោះសុវត្ថិភាពក្មេង និង សិស្សានុសិស្សក្នុងមូលដ្ឋាន ។
ដូចគ្នានេះដែរ ដើម្បីបញ្ចៀសផល់អាក្រក់នេះក្រសួងមានតែត្រូវបង្ខំចិត្តបិទទ្វារសាលារៀនសិន ដោយងាកទៅឱ្យសិស្សានុសិស្សសិក្សាតាមប្រព័ន្ធអនឡាញបណ្ដោះអាសន្នសិន ទម្រាំរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានភាពនេះឱ្យប្រសើរឡើងវិញ
តែប្រសិនបើជាសាលារៀនណាមួយណាក្រៅពី ១២៩ ដែលក្រសួងបិទ មានការសង្ស័យឬក៏ចង់បង្ការការការពារពីការរាតត្បាតក្រសួងព្រមអនុញ្ញាតឱ្យបិទដោយខ្លួនឯងបាន ៕
