ភ្នំពេញ គង់ សុជាតិ បានទៅចូលរួមមង្គលការប្អូនស្រីតារាសម្ដែងនី មុនីនាថ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០ ២០ នៅភោជនីយដ្ឋានសេវេនប្រាយ ឃីង (ទួលគោក) នោះ ស្រាប់តែវាក់អឺពិធីការិនីរួមដំបូល អ្នកនាងចាន់កែវនិមល ទៅចូលរួមពិធីនោះដែរ។
ដោយសារតែទីតាំងជប់លៀងនោះ មិនសូវធំទូលាយ ហេតុនេះហើយសុជាតិ និងកែវនិមល ហាក់មិនពិបាកចោលភ្នែកទៅប្រទះគ្នាឡើយ ប៉ុន្ដែអ្វីដែលចម្លែកនោះ ទោះជាអ្នកទាំង២ជ្រកកោនក្រោមដំបូលហង្សមាស តែមួយក្ដី តែសុជាតិ-និមល មិនបាននិយាយស្ដីរកគ្នាសូម្បីតែមួយម៉ាត់។
អ្នកសិល្បៈរួមអាជីពបានតាមដានសកម្មភាពពិធីការិនីទាំង២ដួង គង់ សុជាតិ-ចាន់ កែវនិមល ដែលជួបគ្នាដោយចៃដន្យ នៅពេលទ័លច្រកនេះ ខណៈដែលសុជាតិ និងនិមល ប្រឹងដើរគេចគ្នារៀងៗខ្លួនតែម្ដង តែស្វាមីសុជាតិ លោកជា វិបុល មិនបានចូលរួមនោះទេ ដោយសុជាតិ និយាយប្រាប់អ្នកយកព័ត៌មានយើងយ៉ាងខ្លីថា ”ប្ដីនៅផ្ទះមើលកូន” ។
នេះមិនមែនជាលើកទី១ឡើយ ដែលគង់ សុជាតិ-ចាន់ កែវនិមល មិនហាមាត់រកគ្នានេះ តែតាមព័ត៌មានថា នៅស្ទូឌីយោហង្សមាស វិញតារាទាំង២ ជួបគ្នាជាញឹកញាប់ តែមិនដែលនិយាយរកគ្នាទាល់តែសោះ រយៈពេលជាង៦ខែមកនេះ។ប្រភពនគរធំ