ដូចដែរប្រិយមិត្ដមួយចំនួនធំ បានទទួលជ្រាបខ្លះៗរួចមកហើយ ដែលកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ វាសនា កូនស្រីទីបួន បានប្រកាសស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន មេត្ដាជួយយករូបនាង ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញផង ព្រោះរូបនាង ត្រូវបានចា ញ់ បោ ក មេខ្យល់ នាំយកមកប្រទេសចិន និងបានបង្ខំនាងឲ្យយកប្ដីនៅទីនោះ ប្រសិនបើនាងមិនព្រមទេ គឺគេនឹងយកទៅលក់ក្នុងហាងស្រីខូ ច ហើយ! អ្វីដែលកាន់តែរន្ធ ត់ ចិត្តទៀតនោះ គឺនាងត្រូវបានគេចាប់បង្ខំឲ្យរួមភេទរហូតដល់ថ្នាក់ នាងទទួលរងរបួសត្រង់ស្បូនយ៉ាងដំណំ។
ទន្ទឹមនឹងការទទូចរបស់ស្រ្ដីខាងលើ ដើម្បីស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំរូបនាងមកកាន់ប្រទេសកម្ពុជានោះ ពេលនេះត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ការពិត GCNP របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរប្រាប់ឱ្យដឹងថា៖”បានរកឃើញហើយ! ស្រីខ្មែរម្នាក់ដែលបានរៀបការប្តីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសិទ្ធិសេរីភាពក្នុងការរស់នៅឯប្រទេសចិន។
នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោ ក ឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំមកប្រទេសកម្ពុជានោះ
ត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការទទួលជោគជ័យក្នុងការស្រាវជ្រាវស្វែងរកអាសយដ្ឋានស្នាក់នៅឯប្រទេសចិនរបស់នារីរង គ្រោះ ខាងលើ និងបានធ្វើការសង្គ្រោះនោះ គឺបានទទួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរចិន និងអាជ្ញាធរកម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ វាសនាកូនស្រីទី៤ ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចា ញ់ បោ ក មេខ្យល់រៀបការប្ដីជនជាតិចិន និងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នាងមានឈ្មោះ ធួក សុភី អាយុ ២០ ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ។
ឯកឧត្តម ជីវ ផល្លី បានថ្លែងថា អនុវត្តតាមមតិចង្អុលដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម លោកជំទាវ អគ្គស្នងការរងទទួលផែនការងារជំនាញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវស្វែងរកឃើញសាច់ញាតិ និងសាកសួរព័ត៌មានលម្អិត ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមេខ្យល់ ព្រមទាំងបានស្របសម្រួលឱ្យម្ដាយនារីរង គ្រោះ មកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា នាយកដ្ឋានបានសហការជាមួយក្រុមលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកតម្រុយ និងទីកន្លែងស្នាក់នៅរបស់ជនរង គ្រោះ ខាងលើ ដើម្បីមានមូលដ្ឋានពិតប្រាកដក្នុងការអនុវត្តនីតិវិធីអន្តរាគមន៍សង្គ្រោះ។
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញរបស់នាយកដ្ឋាន បានបញ្ជូនព័ត៌មានបន្ថែមទៀត រួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណបណ្ណប្ដីជនជាតិចិន ឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវសង្គ្រោះ ទើបនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរចិនបានឆ្លើយតបថា បានរកឃើញនារី រង គ្រោះ និងបានសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅកាន់អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តន៍នីតិវិធីបន្ត។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរចិត្ត និងស្ថាប័នពាក់ព័ន្ធ បានរួមចំណែកលើការងារនេះ ពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម”។