អ្នកតាមដានព័ត៌មានសិល្បៈប្រហែលជាជ្រាបរួចមកហើយថា មុននឹងរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣នោះ អ្នកនាងគង់ សុជាតិ មានកូន២នាក់ក្នុងបន្ទុក ហើយក្រោយរៀបការរួច ពួកគេ ក៏មានកូនស្រីម្នាក់ទៀត សរុបរហូតមកដល់ពេលនេះ អ្នកនាងគង់ សុជាតិមានកូន៣នាក់ ទាំងកូនប្ដីមុន និងកូនស្រីម្នាក់ ជាដំណក់ឈាម រួមគ្នាជាមួយលោកជាវិបុល។
ក្រឡេកមកមើលអាយុរបស់លោកជា វិបុល ប្អូនអ្នកនាងគង់ សុជាតិ ចំនួន៣ឆ្នាំ ប៉ុន្តែលោកជាវិបុល បានដើរតួនាទីជាប្ដីល្អ ជាឪពុកល្អ តែងតែផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាងគង់ សុជាតិ និងចាត់ទុកកូនប្ដីមុន បីដូចជាកូនបង្កើតរបស់លោក ជាមួយនឹងការមើលថែ ពួកគេ បានយ៉ាងល្អផងដែរ។
ជាក់ស្ដែង នៅក្នុងការឡើងកម្មវិធី«3Fun» កាលពីពេលថ្មីៗកន្លងទៅនេះ អ្នករៀបចំកម្មវិធីនោះ បានធ្វើឲ្យអ្នកនាងគង់សុជាតិ រំភើបរហូតស្រក់ទឹកភ្នែក តាមរយៈការ ចាក់វីដេអូ កូនទាំង៣នាក់របស់អ្នកនាង និយាយម្នាក់ម្ដងៗ សម្ដែងក្ដីស្រឡាញ់ចំពោះម្ដាយ អរគុណចំពោះការលះបង់ ការមើលថែ គ្រប់បែបយ៉ាងនោះ។
អ្វីដែលធ្វើឲ្យអ្នកនាងគង់ សុជាតិ កាន់តែរំភើបរហូតស្រក់ទឹកភ្នែកខ្លាំងជាងនេះទៀតនោះ ពេលអ្នកនាងនិយាយដល់លោកជា វិបុល ជាស្វាមី ដោយអ្នកនាងលើកឡើងថា «មួយទៀតខ្ញុំក៏សំណាង ខ្ញុំបានប្ដីខ្ញុំម្នាក់ ដែលគាត់ចេះយល់ចិត្តខ្ញុំ មើលថែខ្ញុំ និងមើលថែកូនៗទាំងអស់»។
គ្រាន់តែនិយាយដល់ចំណុចនេះ អ្នកនាងយំយកៗ ហើយលើកដៃក្រាបសំពះ លោកជាវិបុល ហើយជាការឆ្លើយតប លោកជា វិបុល ក៏ថើបភរិយាវិញភ្លាមៗផងដែរ ជាហេតុធ្វើឲ្យអ្នកនៅក្នុងកម្មវិធីនេះ ទះដៃរំភើបជំនួសពួកគេ។ គួរបញ្ជាក់ថា អ្នកនាងគង់ សុជាតិ កើតនៅឆ្នាំ១៩៧៦ នៅខេត្តក្រចេះ បច្ចុប្បន្នរស់នៅភ្នំពេញ។
អ្នកនាង មានកូន៣នាក់ ប្រុសម្នាក់ ស្រី២នាក់។ កូនទី១ ប្រុសមានឈ្មោះ សាល វិបុត្រ កូនទី២ ស្រី មានឈ្មោះ សាល ភាពពិនាលី។ ពួកគេទាំង២នាក់នេះ ជាកូនស្វាមីមុនរបស់អ្នកនាងគង់ សុជាតិ ឈ្មោះ ម៉ៅ សាលភាព។ ចំណែក កូនស្រីទីបីឈ្មោះជា សុជាតិនារី កើតក្នុងឆ្នាំ២០១៩ ជាកូនជាមួយស្វាមីលោក ជា វិបុល៕
សូមទស្សនាវីដេអូខាងក្រោមនេះ