យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានឳ្យដឹងថា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ២ នាក់ទៀតហើយ លើបុរសជនជាតិឥណ្ឌាអាយុ ៣៣ ឆ្នាំ ១នាក់ និងលើបុរសជនជាតិប៉ាគីស្ថាន អាយុ ៣៥ ឆ្នាំ ១ នាក់ ។
បុរសទាំង ២ នាក់ ខាងលើនេះ គឺជាអ្នកដំណើរមកពីប្រទេស ឥណ្ឌា និងបានមកដល់កម្ពុជា នៅថ្ងៃ ៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយឡែក ក្នុងជើងយន្តហោះ ដែលបុរសផ្ទុកកូវីដ១៩ ទាំង ២ នាក់ខាងលើជិះ គឺមានអ្នកដំណើរចំនួន ១០៥ នាក់ បានរួមដំណើរជាមួយ
ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តលើវត្ថុសំណាករបស់ពួកគេទាំង ១០៥ នាក់ នោះគឺអវិជ្ជមាននៃវីរុសកូវីដ១៩ទាំងអស់ ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅវិទ្យាល័យបុរី១០០ ខ្នង និងនៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ ។
បើគិតមកត្រឹមព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ២៩៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦នាក់ ៕