អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នឹងចុះត្រជាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខណៈស្ថានភាពទឹកទន្លេមេគង្គ នឹងបន្តកើនឡើងជាលំដាប់ ក្នុងរយៈពេល៤ ៥ថ្ងៃខាងមុខនេះ តែនៅកម្រិតទាបជាការប្រកាសអាសន្ននៅឡើយ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពទឹកទន្លេមេគង្គ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុចុះថ្ងៃតែមួយនេះ។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ បានបញ្ជាក់ថា ឥទ្ធិពលព្យុះទី១៧ឈ្មោះ ឈ្មោះ សូដែល (Saudel) នឹងធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលាខាងមុខ។
ប៉ុន្តែវាអាចមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ នៅភាគឦសាន្តប្រទេសកម្ពុជា ដែលធ្វើបណ្ដាខេត្តនៅតំបន់មួយចំនួន។ ប្រភពបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្តាល– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ–សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។
២. បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ–សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។
៣.តំបន់មាត់សមុទ្រ– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ–សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។
ដោយឡែក បើយើងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ បានបញ្ជាក់ថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(ITCZ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា បានធ្វើឲ្យភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។
ប្រភព បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើ បន្តឡើងជាលំដាប់ក្នុងរយៈពេល៤ ទៅ៦ថ្ងៃខាងមុខ ក្នុងនោះ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់៩,៥០ម៉ែត្រ។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រមេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់២០,០០ម៉ែត្រ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រមេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់១៤,១០ម៉ែត្រ។ ទោះយ៉ាងណា ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយ។
ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០ នាទីល្ងាច ៖- កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ ស្រកចុះ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ- កម្ពស់ទឹកខាងក្រោយទ្វារ ៨,៣៥ ម៉ែត្រ។ ល្ងាចនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅរក្សាកម្ពស់ដដែល (ពុំមានការស្រកចុះ ឬកើនឡើងទេ) ធៀបនឹងពេលព្រឹកមិញ៕