បើទោះបីជាមានការឃាត់ខ្លួន ភាគច្រើននៃមេក្រុមបាតុករថៃក៏ដោយ ប៉ុន្តែការធ្វើបាតុកម្មនៅតែបន្តកើនខ្លាំងឡើង ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង រួមទាំងទាមទារឲ្យមានកំណែទម្រង់ព្រះមហាក្សត្ររបស់ពួកគេផងដែរ ។
កាលពីថ្ងៃសៅរ៍ ទី ១៧ ខែតុលា ឆ្នាំ ២០២០ ក្រុមប៉ូលិសថៃ បានបន្តចាប់មេក្រុមបាតុករម្នាក់ទៀត ដែលមានឈ្មោះថា Mike Rayong ។ តាមសម្ដីស្ត្រីជាសកម្មជនវ័យ ២៤ ឆ្នាំម្នាក់ ថ្លែងក្តែងៗពីមុខក្រុមបាតុកររាប់ពាន់នាក់នៅវិមានជ័យជម្នះប្រចាំប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ ២០២០ ថា
«ពួកគេគិតថា ចាប់ខ្លួនមេក្រុមពួកយើងនឹងអាចបញ្ឈប់យើងបានហើយ ។ វាគ្មានបានការទេ ។ ពួកយើងគ្រប់ៗគ្នាគឺជាមេដឹកនាំក្នុងថ្ងៃនេះ» ។«ពួកគេគិតថា ចាប់ខ្លួនមេក្រុមពួកយើងនឹងអាចបញ្ឈប់យើងបានហើយ ។ វាគ្មានបានការទេ ។ ពួកយើងគ្រប់ៗគ្នាគឺជាមេដឹកនាំក្នុងថ្ងៃនេះ» ។
គួររម្លឹកថា កាលពីថ្ងៃសុក្រ ទី ១៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ក្រុមបាតុករទាមទារលទ្ធិប្រជាធិបតេយ្យថៃ បានមានការប៉ះទង្គិចគ្នាខ្លាំងជាមួយកងកម្លាំងប៉ូលិស រហូតឈានដល់ការប្រើប្រាស់កាណុងទឹកដែលលាយសារធាតុគីមី ដើម្បីធ្វើការបាញ់ទៅលើបាតុករ ។
មកទល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុមបាតុករនៅតែប្រកាន់ជំហរ បំពានច្បាប់ប្រកាសអាសន្ន ដោយធ្វើការប្រមូលផ្ដុំគ្នារាប់ម៉ឺននាក់ រាយប៉ាយពាសពេញក្រុងបាងកក ដើម្បីបន្តទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យដដែល ៕