កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាននារីម្នាក់ជិះម៉ូតូស្កុបពីពណ៌-ស ស្លាកលេខ ភ្នំពេញ 1HE-6476
បានបើកធ្លាក់លូធ្លាក់ពីលើម៉ូតូផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំងលិចផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និង សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតហាក់មិនសមហេតុផលនេះ។
នារីរងគ្រោះខាងលើមានឈ្មោះ ជា រដ្ឋា អាយុ ៣៣ មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង ដែលបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។ ពេលនេះដែរសពរបស់នារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅធ្វើបុណ្យឯស្រុកកំណើតហើយ កាលពីយប់មិញនេះ ។
អ្វីដែលគួរឱ្យសង្វេគខ្លាំងនោះ នារីរងគ្រោះត្រូវបានគេដឹងថាទើបតែសម្រាលកូនស្រីដំបូង រយៈពេល ៧ ខែប៉ុណ្ណោះ ហើយបើតាមបណ្តាញហ្វេសប៊ុករបស់នារីរងគ្រោះកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០
កន្លងទៅនេះ បានបង្ហោះសារមួយដោយនាងបានសរសេរថា «ធ្វើទឹកស៊ុបថ្លាទុកដាំបបរឱ្យកូនស្រីរបស់ម៉ាក់ » ដែលនេះជាសារចុងក្រោយបំផុតរបស់នារីរងគ្រោះ បានសរសេរចំពោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន ។
យ៉ាងណាជាអកុសល បែរជានៅល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ យប់មិញនេះ នាងបានស្លាប់បាត់បងជីវិតក្នុងហេតុការណ៍មិនគួរឱ្យកើតឡើងបែបនោះសោះ ។