តារាចម្រៀងថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានវាចាដោយតូចចិត្តថាតាំងពីមានឈ្មោះបោះសំឡេងមក ពេលនាងទៅលេងស្រុកម្ដងៗ លែងមានអ្នកហ៊ានតាមញ៉ែទៀតហើយ។ នាងថា ឆ្ងល់ចំពោះរឿងនេះណាស់ព្រោះកាលនៅល្បីតិចៗ ទៅដល់ណា គេចោមរោមញ៉ែ តែឥឡូវនេះស្ងាត់ដូចចោរលួចសេះអីចឹង។
រ៉ាប៊ី ប្រាប់ថា ថ្មីៗនេះ នាងបានទៅធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត នៅទីរួមខេត្តព្រៃវែងហើយប្រុសៗដែលធ្លាប់តាមញ៉ែនាងពីមុន លែងហ៊ានមកជិតនាងទៀតហើយ ដែលនេះជារឿងចម្លែកមួយ។
រ៉ាប៊ី រំលឹកថា កាលពីនៅរៀនថ្នាក់ទី១២ នៅវិទ្យាល័យមួយ នៅទីរួមខេត្តព្រៃវែង នោះ នាងក៏មានមន្ដស្នេហ៍មិនធម្មតាដែរហើយកាលនោះគ្មានទូរស័ព្ទទំនើប គ្មានហ្វេសប៊ុក ឬ Tik Tok ដូចពេលនេះទេ អីចឹងញ៉ែគ្នា គេសរសេរសំបុត្រ ហើយនាងទទួលសំបុត្រស្ទើរតែគ្មានពេលអានទៅហើយ។
ប៉ុន្ដែពេលនេះមិនដូចមុនទេព្រោះប្រុសៗទាំងនោះលែងហ៊ានញ៉ែនាងទៀត ហើយតាំងពីនាងមានឈ្មោះគ្រាន់បើនេះមក។ ថ្វីត្បិតតែប្រុសៗនៅក្នុងស្រុកភូមិស្រីស្អាតរ៉ាប៊ី លែងហ៊ានញ៉ែនាងមែន ប៉ុន្ដែនាងទទួលស្គាល់ថា ក្រោយមានឈ្មោះនេះមានមន្រ្ដីធំៗមួយចំនួនតាមស្នេហ៍នាងដោយរូបនាងផ្ទាល់ស្ទើរតែមិនគួរឲ្យជឿទៀតផង។
ប៉ុន្តែរ៉ាប៊ី បានព្រមានថា នាងមិនមែនជាស្រីចិត្តងាយញ៉ែបានៗនោះទេ ព្រោះនាងស្រលាញ់តែប្រុសក្មេងៗ បើប្រុសវ័យចំណាស់នាងមិនចាប់អារម្មណ៍ឡើយទោះជាមានទ្រព្យច្រើនក្ដី។
ដោយឡែក ទាក់ទងតារាចម្រៀងសំខាន់២ដួងរបស់ថោន គឺមាស សុខសោភា និងខេម បានចេញព្រមគ្នានោះ រ៉ាប៊ី ដែលជាតារាចម្រៀងសំខាន់ម្នាក់របស់ថោន បានឲ្យដឹងថានោះជាការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ តែសម្រាប់នាងមិនមានគំនិតចេញពីថោនឡើយ។
រ៉ាប៊ី បញ្ជាក់ថា ថៅកែថោន ជាមនុស្សល្អសម្រាប់កូនចៅគ្រប់គ្នា ហើយនាងបានប៉ុណ្ណេះ ក៏ដោយសារតែថោនផ្ដល់ឱកាសឲ្យដែរដែរ ហេតុនេះហើយនាងជឿថា ទោះជាដំណាក់កាលណាក៏ដោយក៏ថោន មិនបិទទ្វារនោះទេ។ នាងថា ការចូលទៅផលិតកម្មថ្មីប្រឈមរឿងកាច់កុងគ្នា ហើយនាងទៅដល់ណា ក៏ធ្វើបទចម្រៀងខ្លួនឯងដែរ អីចឹងនាងសម្រេចចិត្តនៅថោន តទៅទៀត៕ ប្រភព៖ នគរធំ