ស្ថាបនិកមូលនិធិកុមារកម្ពុជា Cambodian Children’s Fund (CCF) លោក Scott Neeson បានបង្កើតឡើងកាលពីឆ្នាំ២០០៤ ក្នុងគោលបំណងជួយទៅដល់ក្មេងៗលើគំនរសំរាមស្ទឹងមានជ័យ ដើម្បីឲ្យមានឱកាសបានទទួលនូវការអប់រំដូចក្មេងដទៃទៀត នឹងប្រែក្លាយជីវិតរបស់ពួកគេអោយមានអនាគតដ៏ភ្លឺស្វាង។
ក្នុងដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ក្នុងទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ លោក Scott Neeson បានលើកទង់ជាតិខ្មែរ បង្ហាញកណ្ដាលហ្វូងមនុស្សដ៏ច្រើនកុះកុញ
ដោយគ្មានការអៀនខ្មាស់ បើទោះបីជាលោកមិនមែនជាប្រជាជនខ្មែរក៏ដោយ ដើម្បីឲ្យប្រជាជនអន្តរជាតិ បានស្គាល់ពីប្រទេសកម្ពុជា និងដើម្បីប្រមូលថវិកាមួយចំនួនជួយដល់កុមារក្រីក្រនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ដែលថា លោក Scott Neeson គឺជាអតីតតារាហូលីវូដ និងជានាយកប្រតិបត្តិក្រុមហ៊ុន ភាពយន្តល្បីៗរបស់ហូលីវូដ ហើយក៏ជាអតីតអ្នកដឹកនាំក្រុមហ៊ុន Sony Pictures ដែលមានប្រាក់ខែដល់ទៅរាប់លានដុល្លាផងដែរ។
លោកបានលែងតំណែងទាំងនេះ ព្រមទាំងបានលក់ផ្ទះ លក់រថយន្ត និងកប៉ាល់ផ្ទាល់ខ្លួនរបស់លោក ដើម្បីមកកម្ពុជាបើក អង្គការមូលនិធិកុមារកម្ពុជា ដើម្បីជួយទៅដល់ពួកគេដូចដែលបានរៀបរាប់ខាងលើនេះ។
មកដល់ឆ្នាំ២០១៥ លោក Scott Neeson ត្រូវបានព្រះបាទនរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហរទ័យប្រទានសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យ។ កូនខ្មែរគ្រប់រូប ពិតជាមានចិត្តក្តុកក្តួល និងរកពាក្យអ្វីមកថ្លែងមិនបាននោះឡើយនូវអ្វីដែលលោកបានជួយមកដល់ប្រទេសកម្ពុជា។