ព៌តមានសង្គម៖ ខេត្តកណ្ដាល លោក កន សុកកាយ អភិបាលនៃគណៈអភិបាលស្រុក ល្វាឯម បានឱ្យដឹងថា៖ មានប្រជាពលរដ្ឋប្រមាណជាង៩០នាក់រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល កំពុងមានបញ្ហាឆ្លងជម្ងឺគ្រុនឈីក ខណៈមានអ្នកធ្ងន់ធ្ងរចំនួន១២នាក់, ពួកគាត់កំពុងទទួលបានការគ្រប់គ្រង និងពិនិត្យដោយក្រុមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។
ដោយឡែកកម្លាំងនគរបាលស្នងការខេត្ត បានចុះអន្តរាគមន៍ទាំងយប់ ប្រើគ្រប់មធ្យោបាយដើម្បីរកវិធី ជួយដឹកអ្នកមានសញ្ញាជំងឺទៅកាន់មណ្ឌលសុខភាព។បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋចាប់ផ្ដើមមានអាការៈមិនស្រួលកាន់តែច្រើនឡើងៗ ខាងអាជ្ញាធរស្រុក និងខាងសុខាភិបាលខេត្ត
បានចុះមកដល់ទីតាំងផ្ទាល់ ខណៈភូមិនេះជាតំបន់ដាច់ស្រយាល ជាប់ព្រុំប្រទល់ខេត្តព្រៃវែង ទើបអាជ្ញាធរសម្រេចរៀបចំពួកគាត់ក្នុងសាលាឆាន់សិន ហើយអាចគ្រប់គ្រងស្ថានការណ៍បានល្អ១០០ ខណៈអ្នកជម្ងឺធ្ងន់ធ្ងរទាំង១២នាក់ ទទួលបានការយកចិត្តទុកដាក់ជាពិសេស។
នេះជាការថ្លែងពី លោក កន សុកកាយ អភិបាលស្រុកល្វាឯម នៅយប់ថ្ងៃទី២៦ ខែកញ្ញា នេះ។ លោកអភិបាលស្រុកបានបន្តថា ៖ ដោយសារពលរដ្ឋពុំបានមកមណ្ឌលសុខភាពនៅស្រុកល្វាឯមនោះទេ ពោលពេលកំពុងមិនស្រួលខ្លួនពួកគាត់នាំគ្នាទៅមណ្ឌលសុខភាព នៅព្រៃវែង
ឯណោះព្រោះនៅជិតជាងដែលកត្តានេះជាហេតុនាំឱ្យខាងអាជ្ញាធរ ពុំទទួលបានព័ត៌មានទាន់ពេលវេលា ប៉ុន្តែបន្ទាប់ពីមានការពិនិត្យរកឃើញថាពលរដ្ឋឆ្លងគ្រុនឈីក ខាងអាជ្ញាធរ និងសុខាភិបាល បានដុតដៃដុតជើងមកសង្រ្គោះភ្លាមៗទាន់ពេលវេលា។
ស្ថិតក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ យប់នេះក៏ឃើញលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានដឹកនាំកម្លាំងចុះទៅជួយអ្នកជម្ងឺទាំងអស់ តាមសមត្ថភាពផងដែរ ដែលកាយវិការនេះ ទទួលបានការសាទរនិងកក់ក្ដៅយ៉ាងខ្លាំងពីពលរដ្ឋ។
គួរជម្រាបថា ជម្ងឺគ្រុនឈីកកើតនៅស្រុកពញញាឮមួយចំនួន ហើយអាជ្ញាធរបានព្យាបាលពួកគាត់បានជាសះស្បើយ១០០%ហើយ។ ប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះ អាជ្ញាធរ ជំនាញសុខាភិបាល ក្រុមគ្រូទេព្យ សមត្ថកិច្ច មានវិធានការខ្ពស់ គិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ៕ ប្រភព៖nkdnews