បើលោកអ្នក បានធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំងនោះ សូមកុំភ្លេចទៅថ្វាយបង្គំសុំសេចក្តីសុខ នៅវត្តយាយទេព នៅផ្សារក្រោម រហូតមកដល់ពេលនេះ វត្តនេះមានអាយុកាល ៣៤១ ឆ្នាំហើយ ។ ចាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះ វត្តយាយទេព នៅតែមានភាពល្បីល្បាញខាងជំនឿដដែល ។
បើលោកអ្នកមានបំណងទៅវត្តយាយទេព គ្រាន់តែធ្វើដំណើរពីចំណតរថយន្តក្រុងកំពង់ឆ្នាំង ឆ្ពោះទៅទិសខាងជើង តម្រង់ទៅកំពង់ផែផ្សារក្រោមចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ នៅខាងឆ្វេងដៃ ជាអាងទឹករដ្ឋាករទឹកខេត្ត ។ រីឯនៅខាងស្តាំដៃគឺជាទីអារាមវត្តយាយទេព ដែលបច្ចុប្បន្នបាន និង កំពុងតែមានការចាប់អារម្មណ៍ពីខាងជំនឿ និង មានការទាក់ទាញភ្ញៀវទេសចរផងដែរ ។
វត្តពោធិតារាម ហៅ វត្តយាយទេព ស្ថិតនៅក្នុង ភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង វត្តនេះសង់នៅលើផ្ទៃដីទំហំជាង ២ ហិកតា ចាប់តាំងពីកកើតជាទីអារាមតាំងពីឆ្នាំ ១៦៧៧ រហូតមកដល់ពេលបច្ចុប្បន្ននេះគឺមានអាយុកាល ៣២៥ ឆ្នាំហើយ ។
តាមឯកសារចងក្រងដោយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្កំពង់ឆ្នាំង បានឱ្យដឹងថា កាលពីដើមឡើយ ទីអារាមនេះគឺជាកម្មសិទ្ធិរបស់លោកយាយទេព ដោយកាលនោះ ដីមានទំហំប្រមាណជា ៥ ហិកតាកន្លះ នៅចំណុចទីអារាមសព្វថ្ងៃគឺជាទីទួលមួយដែលកាលពីមុន ជាទីលំនៅរបស់លោកយាយទេព ហើយនៅលើទីទួលមានដើមពោធិមួយដើមធំ និង ព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាច ។
ដោយលង់ក្នុងជំនឿស៊ុបនោះ លោក យាយទេព ក៏ បានបរិច្ចាគដី ដែលជាទីលំនៅរបស់ខ្លួន ទុកធ្វើជាទ្រព្យសម្បត្តិគរុភណ្ឌដើម្បីផលប្រយោជន៍សាធារណៈ ហើយក៏បានផ្តួច ផ្តើមគំនិតដើរកៀរគរអ្នកស្រុកឱ្យគេមកជួយកសាងពន្លៃធ្វើជាទីសក្ការៈបូជាតាមផ្លូវព្រះពុទ្ធសាសនាជារៀងរហូតមក ។
ប៉ុន្តែក្រោយមកទៀត ទីនេះក៏ក្លាយជាទីអារាមមួយយ៉ាងល្អ ដោយស្មារតីលះបង់ និង ទឹកចិត្តជ្រះថ្លាដ៏ធំធេងរបស់លោកយាយទេពលើផ្លូវព្រះពុទ្ធសាសនារួចមកនោះ អ្នកស្រុកក៏បានឯកភាពគ្នាដាក់ឈ្មោះ វត្តនេះទៅជា «វត្តពោធិតារាម» ហៅថាវត្ត« យាយទេព» រហូតមកដល់សព្វថ្ងៃនេះ ។
ទាក់ទងដល់សេចក្តីជ្រះថ្លារបស់លោកយាយទេព ពោលគឺក្រោយពេលគាត់ធ្វើ មរណៈកាល ទៅ អ្នកស្រុកបាននិយាយតៗគ្នាថា ព្រលឹងយាយទេពបានមកសណ្ឋិតនៅនឹងដើមពោធិ ហើយមានចេស្តាបារមីសក្តិសិទ្ធិធ្វើឱ្យអ្នកស្រុកមានជំនឿគោរពបូជារៀង រហូតមក និង រហូតកវីនិពន្ធយើងជំនាន់មុនបានចារជាទំនុកបទច្រៀងទាក់ទងនឹងបារមីយាយទេពនេះថែមទៀតផងដូចជា បទ «ចំប៉ាផ្សារលើ» ជាដើម។
ក្រោយពីចូលទៅក្នុងអារាម «យាយទេព» យើងអាចបន្តដំណើរតាមផ្លូវដដែលឆ្ពោះទៅមាត់ទន្លេផ្សារក្រោមចម្ងាយប្រមាណជា ៨០០ ម៉ែត្រនោះ យើងនឹងទៅដល់មាត់ទន្លេ ផ្សារក្រោម ដែលមានកំពង់ផែទេសចរណ៍ និង សួនច្បារ ដែលអាជ្ញាធរខេត្តបានរៀបចំអភិវឌ្ឍឡើងក្នុងដើមឆ្នាំ ២០១០។ ភ្ញៀវទេសចរក៏អាចទស្សនានូវទេសភាពមាត់ទន្លេសាប កំពង់ផែ នាទិដ្ឋភាពភ្នំនាងកង្រីដែលគេធ្លាប់តែឮនៅក្នុងរឿងព្រេងនិទាន ៕