កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅ ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីស្នាដៃកូនខ្មែរ ជីកកាយដីដោយផ្ទាល់ដៃ ឆ្លាក់ចេញជា បន្ទប់គេង មានគ្រែ មានតុកៅអី រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិ និងអន្តរជាតិ ដោយសម្តែងការពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះ ថា ពិតជាស្អាត រស់រវើកដូចរូបពិតៗ។
ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមទៀតថា ៖ “ចម្លាក់ជាបន្ទប់គេង មានគ្រែ មានតុកៅអី ដោយការជីកដី នៅព្រៃសហគមន៍គោកតើង ក្នុងស្រុកសូទ្រនិគម កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅភូមិក្បែរៗនោះ
ចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូប ជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅ ក្នុងភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយ យុវជនពីរនាក់ ជាបងប្អូននឹងគ្នា រស់នៅ ភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។
បើតាមប្រសាសន៍ របស់លោក ពាញ ស៊ីថា ជាអ្នករចនា និងដឹកនាំកែច្នៃរូប បានឲ្យដឹងថា តាមពិតលោកពុំមែន ជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែការច្នៃប្រឌិត និងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នា ទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិត បង្កើតគំនិតថ្មីៗ បន្ថែមខ្លួនឯងផង ទើបលេចចេញជាសមិទ្ឋផលរូបភាពនេះឡើង ហើយ បច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ឋសាធ ដោយប្រើឧបករណ៍ សាមញ្ញៗ សម្រាប់ជីកកាយដី ដោយផ្ទាល់ដៃ នៃកម្លាំងពលកម្មចំនួន៩នាក់។
ក្នុងមួយថ្ងៃទទួលបាន ការឧបត្ថម្ភ ជាប្រចាំចំនួន ២៥.០០០រៀល ដោយចែកចេញជាពីរក្រុម ក្នុងនោះអ្នកខ្លះធ្វើការជាមួយយូរហើយ គាត់អាចជួយលើកិច្ចការចិតក្បាច់ អាចជំនួសដៃជើង មេក្រុមម្តងម្កាលបាន តែទំរាំនឹងគាត់ចេះ អាចធ្វើបាន ត្រូវប្រើពេលពន្យល់ប្រាប់រាប់ខែទើបគាត់ចេះធ្វើបាន ហើយការធ្វើនេះ គឺពុំបានប្រើប្រាស់គ្រឿងម៉ាស៊ីន ឬឧបករណ៍ទំនើបអ្វីឡើយ ប៉ុន្តែចម្លាក់ទាំងអស់នេះ មិនធន់នឹងការប៉ះទឹកឡើយ ។
លោក ពាញ ស៊ីថា បានបញ្ជាក់ទៀតថា ដំបូងឡើយការរចនា និងកែច្នៃរូបភាព ទាំងនេះឡើង គឺដើម្បីអាជីវកម្មក្នុងប្រព័ន្ឋយូធ្យូប ដែលធ្វើបានពីរបីឆ្នាំមកហើយ ប៉ុន្តែក្រោយពីស្នាដៃនេះបានផ្សព្វផ្សាយទៅក្រៅ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនជាតិ និងអន្តរជាតិសម្តែងពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះថាពិតជាស្អាត រស់រវើកដូចរូបពិតៗ ដែលគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែគួរឱ្យស្តាយ ដោយសារតែលោកសុំដីគេបណ្តោះអាសន្នសម្រាប់រចនារូបភាពផ្សេងៗដើម្បីថត និងចងក្រងជាឯកសារបញ្ជូលទៅក្នុងកម្មវិធីយូធ្យូប ក្រោយពេលថត និងរៀបចំកាត់តរួចត្រូវលុបដីឱ្យស្អាតទុកជូនម្ចាស់ដើមវិញ ហេតុនេះមិនច្បាស់ថាតើរូបភាពដែលបានរចនាហើយអាចរក្សាទុកឱ្យបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិបានមើលយូរតទៅទៀតឬយ៉ាងណានោះទេ អ្វីដែលពួកខ្ញុំអាចធ្វើបានគឺ អភិវឌ្ឍ កែច្នៃ បង្កើតរបកគំហើញថ្មី និងការពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើន និងល្អជាងមុន។
បើតាមការបញ្ជាក់របស់លោក តាន់ ម៉ូលី ដែលជាអ្នករចនារូបភាពដែរនោះ បានអះអាងថា យើងទាំងពីរនាក់ធ្លាប់ធ្វើកិច្ចការរបៀបនេះពីរបីឆ្នាំរួចមកហើយ គ្រាន់តែផ្លាស់ប្តូរទីតាំងពីស្រុកឬពីឃុំមួយទៅឃុំមួយផ្សេងទៀត អាស្រ័យទៅលើស្ថានភាពដីដែលអំណោយផលសម្រាប់ការរចនារូបភាពឡើង មានរូបភាពជាផ្ទះសត្វ ផ្ទះមនុស្សនៅលើដី ផ្ទះនៅក្រោមដី ជាដើម ព្រោះការកែច្នៃរូបភាពនេះវាខុសគេ ត្រូវការដីប្រភេទដីឥដ្ឋ មិនមានល្បាយខ្សាច់ឬថ្មទើបអាចរចនាឆ្លាក់ចេញជារូបភាពបានរស់រវើក និងជាប់បានយូរ ហើយក្នុងមួយរណ្តៅៗ គឺត្រូវចំណាយពេលពីមួយខែ ទៅ២ខែ ទើបអាចរួចរាល់ និងត្រូវការកម្លាំងពលកម្មពី៤ទៅ៩នាក់ ដើម្បីជីកឆ្វៀលដីឱ្យចេញជាទ្រង់ទ្រាយទៅតាមគម្រោងផែនការខុសៗគ្នា ហើយរូបភាពទាំងអស់មានច្រើនទំរង់ រូបខ្លះរចនាឡើងតាមទំរង់ចម្លាក់សិល្បៈបរទេសខ្លះ ទំរង់បែបចម្លាក់សិល្បៈខ្មែរខ្លះ មានបុរាណមានសម័យ ទៅតាមការរិះគិតចង់បានធ្វើយ៉ាងណាសំដៅទាក់ទាញអ្នកចូលមើលប្រព័ន្ឋយូធ្យូបឱ្យបានច្រើន។
លោក តាន់ ម៉ូលី បានបញ្ជាក់ទៀតថា មហាជនទាំងគ្រហស្ថ និងព្រះសង្ឃ ដែលស្រឡាញ់វិស័យសិល្បៈ ដែលបានមកទស្សនានៅទីនេះ ក៏បានសម្ដែងការសោកស្តាយ ចំពោះស្នាដៃដែលខិតខំបង្កើតឡើង នៅពេលដែលពួកគាត់ដឹងថា កសាងរចនាបានរូបភាពដ៏រស់រវើក ត្រូវបានធ្វើការលុបទៅវិញ ដោយពួកគាត់សំណូមពរគួរតែទុកសម្រាប់ជួយវិស័យទេសចរណ៍ ក្នុងស្រុកនេះ ព្រោះថា ទីតាំងនេះនៅមិនឆ្ងាយពីគ្នា នៃសហគមន៍ទេសចរណ៍ព្រៃកោងកាង ទឹកសាប ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ ។
ពាក់ព័ន្ធនឹងចម្លាក់ដីនេះដែរ លោក ធៀង ណារិទ្ឋ សមាជិកក្រុមប្រឹក្សាឃុំចាន់ស បានសម្ដែងនូវគាំទ្រចំពោះសកម្មភាពរបស់យុវជនទាំងពីរ ក្នុងការរចនា និងបង្កើតនូវរូបភាពសិល្បៈប្លែកៗ នេះឡើង គឺពិតជាបង្ហាញពីសមត្ថភាពស្នាដៃកូនខ្មែរ ចំពោះសិល្បៈចម្លាក់ កើតឡើងដោយទេពកោសល្យច្នៃប្រឌិត និងក៏ជាការជួយដល់ប្រជាពលរដ្ឋ មួយចំនួនតូចក្នុងមូលដ្ឋាន ឱ្យមានការងារធ្វើ ទទួលបានប្រាក់កម្រៃ ចៀសវាងការធ្វើចំណាកស្រុក រកការងារធ្វើ
ដូច្នេះក្នុងនាមសមាជិកក្រុមប្រឹក្សាឃុំ លោកសន្យាថា នឹងជួយសហការ សម្របសម្រួល បង្កការងាយស្រួលដល់ក្រុមការងារគាត់ ក៏ដូចជា អ្នកទេសចរ ដែលមកកាន់ទីនេះ ដោយផ្តល់កម្លាំង ប្រជាការពារឱ្យជួយការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមគោលដៅនៅទីនេះ និងជួយរៀបចំណតរថយន្ត ចំណតម៉ូតូ ដើម្បីយកថវិកា ចែកជូនកម្លំាងការពារនៅទីនេះ។
ក្រោយដឹងដ៏អស្ចារ្យនេះ គេប្រទះឃើញ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានទៅដល់កន្លែងមួយនេះហើយ ព្រមទំាងបានភ្ជាប់សារដ៏ភ្ញាក់ផ្អើលមួយថា “បងប្អូនកូនក្មួយអើយ ធ្លាប់ឃើញតែតាមហ្វេសប៊ុក អីឡូវបានមកដល់ហើយពិតជាអស្ចារ្យណាស់ ខ្មែរអាចធ្វើបាន”។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖