ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនដែលតាមដានព័ត៌មានសិល្បៈច្បាស់ជាបានទទួលជ្រាបរួចមកហើយថា តារាចម្រៀងសួស វីហ្សា កំពុងតែសាងសុភមង្គលយ៉ាងមានក្ដីសុខជាមួយគ្រួសារដ៏តូចរបស់ខ្លួន ហើយពេលនេះ ក៏កំពុងត្រៀមទទួលសមាជិកថ្មីផងដែរ។
ដោយឡែក ជាការចែករំលែក និងអប់រំផ្លូវចិត្តទៅដល់អ្នកគាំទ្ររបស់ខ្លួន ដើម្បីឲ្យទទួលបាននូវ សុភមង្គល ការមានសេចក្ដីសុខ ដែរនោះ តារាចម្រៀង សួស វីហ្សា បានលើកទឹកចិត្តឲ្យ ប្រឹងធ្វើបុណ្យឲ្យច្រើន គិតល្អធ្វើល្អ កុំប៉ះពាល់គេ កុំច្រណែនគេ មិនបាច់ពិបាកទៅតបតជាមួយមនុស្សអាក្រក់ទេ អ្នកណាមានក្តីសុខជាងគឺអ្នកនោះឈ្នះហើយ។
ក្នុងនោះដែរ សួស វីហ្សា បានបញ្ជាក់ដូច្នេះថា ៖ «កើតមកជាមនុស្ស ខ្ញុំជឿថាម្នាក់ៗឆ្លងកាត់រឿងរ៉ាវច្រើនណាស់ទាំងល្អ ទាំងអាក្រក់ខុសៗគ្នាទម្រាំតែបានមកដល់សព្វថ្ងៃនេះ ពួកខ្ញុំទាំងពីរក៏ដូចគ្នាទម្រាំមកដល់ពេលនេះតស៊ូណាស់ ទើបអាចមកឈរនៅចំណុចនេះ ដូច្នេះយើងមានជីវិត យើងគួរប្រើពេលវេលាអោយមានតម្លៃ ច្នៃរឿងអាក្រក់អោយក្លាយជាល្អ បង្កើតភាពរីករាយអោយគ្រួសារអោយបានច្រើនប្រឹងធ្វើបុណ្យអោយច្រើន គិតល្អធ្វើល្អ កុំប៉ះពាល់គេ កុំច្រណែនគេ គេសុខបែបគេ យើងសុខបែបយើង»។
យ៉ាងណាមិញ តារាចម្រៀង មានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះ បានបន្តទៀតថា «អ្វី ដែលចាំបាច់ត្រូវធ្វើ ត្រូវប្រឹងធ្វើមិចអោយគ្រួសារយើងមានសុភមង្គលទៅគឺគ្រប់គ្រាន់ហើយសម្រាប់ជីវិតនេះ សម័យនេះមិនបាច់ពិបាកទៅតបតជាមួយមនុស្សអាក្រក់ទេ អ្នកណាមានក្តីសុខជាងគឺអ្នកនោះឈ្នះហើយ»៕ប្រភព៖តារា