ភ្នំពេញ ៖ តារាសម្តែងស្រីសម្តីផ្អែកកញ្ញា សួង សាខារ៉ានីត ហៅ (Ping Ping)ជាថ្មីម្តងទៀតបានចេញមុខធ្វើការអំពាវនាវ និងបំផុសស្មារតីមហាជនឲ្យនាំគ្នា បង្កើនការការពារ និងប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនៃជំងឺកូវីត-១៩ ខណៈដែលមួយរយៈចុងក្រោយនេះគឺមានពលរដ្ឋខ្មែរមួយចំនួនហាក់មានការភ្លេចខ្លួនហើយមានការធ្វេសប្រហែសច្រើន។
ការអំពាវនាវរបស់កញ្ញា សួង សាខារ៉ានីត នេះ បានធ្វើឡើងស្របពេល ដែលនាងសង្កេតឃើញថាបច្ចុប្បន្ន កំពុងមានប្រជាពលរដ្ឋខ្មែរមួយចំនួនធំហាក់មានការភ្លេចខ្លួនចំពោះការប្រុងប្រយ័ត្នឬការពារជំងឺកូវីដ-១៩។
មិនតែប៉ុណ្ណោះក៏មានខ្លះទៀត បានបោះចោលនូវការអនុវត្តវិធានការតាមការណែនាំក្នុងការសម្អាតអនាម័យឬវិធីការពារខ្លួនរបស់ក្រសួងសុខាភិបាលដូចជា ៖ ការពាក់ម៉ាស់ ,លាងដៃជាមួយទឹកអាកុល ឬ ជែល ,ការរក្សាគម្លាតនៅឆ្ងាយពីគ្នានឹងមិនត្រូវមានការជួបជុំគ្នាច្រើន។
តារាសម្តែងកញ្ញា សួង សាខារ៉ានីត និយាយថា ខ្ញុំគ្មានអ្វីច្រើននោះទេក្រៅតែពីការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសរួមគ្នាទប់ស្កាត់ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើករណីនៃការឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះសព្វថ្ងៃនៅមិនទាន់មានភាពស្ងប់ស្ងាត់ ហើយសាបរលាបនៅឡើយទេ។
នាងបន្តថា សូមប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តការអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងតាមដានជាប្រចាំនូវព័ត៌មាន ដែលមានភាពជាក់លាក់របស់ក្រសួង។ ដោយឡែកសម្រាប់អាជីពសិល្បៈបច្ចុប្បន្នត្រូវបានសាមីខ្លួនកញ្ញា សួង សាខារ៉ានីត បញ្ជាក់ថា ចាប់តាំងជីងឺកូវីដ-១៩ផ្ទុះឡើងគឺអាជីពសិល្បៈនិងការសម្តែងរបស់នាងហាក់មានភាពស្ងប់ស្ងាត់ហើយទំនេរច្រើនជាងមុន។
ប៉ុន្តែបញ្ហានេះ វាពុំមែនកើតមានតែចំពោះនាងនោះទេពោល គឺទូទាំងប្រទេសតែម្តង ហើយអ្វីដែលសំខាន់នោះសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួចផុតពីជំងឺដ៏កាចសាហាវមួយនេះផងដែរ៕