ឧកញ៉ាវ័យក្មេង អ៊ាន សៀវម៉ី នៅក្នុងការឡាយវីដេអូ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានទុករយៈពេល៣ថ្ងៃ ឲ្យអ្នកស្រីទ្រី ដាណា លុបលិខិតពាក់ព័ន្ធនឹងខ្លួន ចេញពីទំព័រហ្វេសប៊ុក និងបានធ្វើការសំណូមពរដល់អគ្គព្រះរាជអាជ្ញាជួយពិនិត្យជុំវិញរឿងនេះ។
នៅក្នុងការឡាយវីដេអូនោះ ឧកញ៉ា អ៊ាន សៀវម៉ី បានធ្វើការរិះគន់ចំពោះមេធាវី ដែលប្រថាប់ត្រា ហើយយកលិខិតពាក់ព័ន្ធនឹងខ្លួននោះ ទៅបង្ហោះជាសាធារណៈ ព្រមទាំងបានទុកពេល៣ថ្ងៃឲ្យអ្នកស្រីទ្រី ដាណា លុបលិខិតនោះចេញពីទំព័រហ្វេសប៊ុករបស់ខ្លួន បើមិនដូច្នេះទេ អាចនឹងធ្វើតាមដំណើរដែរហើយ។
ឧកញ៉ា អ៊ាន សៀវម៉ី បានបញ្ជាក់ដូច្នេះថា «ខ្ញុំទុករយៈពេល៣ថ្ងៃឲ្យគាត់វិញ បើគាត់អត់លុប ប្រហែលធ្វើតាមដំណើរដែរហើយ ចាស ខ្ញុំអាចធ្វើតាមដំណើរដែរ ពីព្រោះកិត្តិយសមនុស្សយើងទាំងអស់គ្នា មិនថាមានក្រ បងប្អូន ត្រូវអត់ ចាស គឺមានកិត្តិយសទាំងអស់គ្នា ចាស យើងមានកិត្តិយសដូចគ្នាត្រូវអត់ បងប្អូនឆ្លើយមក បើថាត្រូវឆ្លើយថាត្រូវមក…»។
ក្រោយមកឧកញ៉ា អ៊ាន សៀវម៉ី បានលើកដៃសំពះ ធ្វើការសំណូមពរដល់អគ្គព្រះរាជអាជ្ញា មេត្តាជួយពិនិត្យមើលមេធាវី២នាក់ ដែលប្រថាប់ត្រាឲ្យអ្នកស្រីទ្រី ដាណា ហើយយកលិខិតនេះ ទៅបង្ហោះជាសាធារណៈ ថាតើការធ្វើបែបនេះត្រូវឬអត់ ពីព្រោះខ្លួនអត់ចេះច្បាប់ រៀនអត់បានជ្រៅជ្រះ។
ដោយឡែកនៅព្រឹកនេះ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះលិខិតរបស់អ្នកស្រី ទ្រី ដាណា រួចសរសេរថា «យប់នេះជួបគ្នាណាបងប្អូននៅមិនទាន់ចប់ទេណាបងប្អូននៅក្នុងរឿងនឹង បងប្អូនអាចចូលបញ្ចេញមតិបានថាតើគួរធ្វើយ៉ាងណាបន្តជាមួយគាត់! ទាំងមនុស្សយើងម្នាក់ៗមានកិត្តិយសដូចគ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ អ្នកស្រីទ្រី ដាណា តាមរយៈមេធាវីរបស់ខ្លួន បានចេញលិខិតមួយ ដោយស្នើឲ្យអ្នកស្រី អ៊ាន សៀវម៉ី ធ្វើការបកស្រាយ ករណីYoutubeឈ្មោះKhmer Daily Life KH បានសរសេរភ្ជាប់ជាមួយវីដេអូក្នុងYoutubeថា «Siv Mei ខ្ញុំអានិតអ្នកឯងខ្លាំងណាស់ Try Dana ទ្រី ដាណា»។
ក្រោយមក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ដោយសារតែ ឧកញ៉ាអ៊ាន សៀវម៉ី ថាមិនស្គាល់កូនក្ដីខ្លួននោះ មេធាវីរបស់អ្នកស្រីទ្រី ដាណា ក៏បានចេញលិខិតមួយទៀត ធ្វើការជម្រាបជូនទៅសាធារណជន ពិសេសរាល់បណ្ដាញសង្គម និងអ្នកសារព័ត៌មាន មេត្តាបញ្ឈប់រាល់សកម្មភាពទាំងឡាយ ដែលនាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងកិត្តិយសកូនក្ដីខ្លួនជាបន្ទាន់ ករណីរកឃើញថា បណ្ដាញសង្គម ឬរាល់សារព័ត៌មានណា ដែលផ្សាយខុសពីការពិត សូមឲ្យធ្វើការកែតម្រូវ ឬលុបចោលជាបន្ទាន់ បើមិនដូច្នេះទេ នឹងមានចំណាត់ការតាមផ្លូវច្បាប់ ដោយមិនមែនការលើកលែងឡើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោមនេះ