ភ្នំពេញ៖ រយៈពេលកន្លងផុតមកនេះ មានប្រិយមិត្តជាច្រើនធ្លាប់មានករស្លុតចិត្តយ៉ាងខ្លាំង ក្រោយមានពាក្យចចាមអារ៉ាមថាតារាច្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត មានបញ្ហាជីវភាពរហូតធ្លាក់ខ្លយនដល់ថ្នាក់ធ្វើកម្មសំណង។ ប៉ុន្តែឥឡូវនេះច្បាស់១០០%ប្រិយមិត្តលែងយល់ច្រឡំហើយ បន្ទាប់ពីបានដឹងពីប្រាក់ចំណូលប្រចាំខែរបស់តារាចម្រើងជើងចាស់រូបនេះ។
តាមការបញ្ជាក់ពីតារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិកម្មណាមួយនោះ បានប្រាប់ឲ្យដឹងថា លោកបានឈោងចាប់ការងារស្ទើរគ្រប់ប្រភេទបន្ថែមលើអាជីពចម្រៀង បើទោះបីជាប្រភពចំណូលពីអាជីពសិល្បៈនៅមានភាពល្អប្រសើរក្តី។
ជាក់ស្តែងតារាចម្រៀងជើងចាស់រូបនេះផងដែរ នៅតែតទទួលបានការគាំទ្រច្រើនពីមនុស្សវ័យចំណាស់និងវ័យកណ្តាល នៅតែអាចរក្សាប្រភពចំណូលក្បែរមុឺនដុល្លារដដែលក្នុងមួយខែ តាមរយៈសំនៀងដ៏ក្រអូនក្រអៅរបស់រូបលោកនៅលើឆាកកម្មវិធីផ្សេងៗផងដែរ។
ណូយ វ៉ានណេត តារាចម្រៀងចាស់វស្សា និយាយថា បច្ចុប្បន្នរូបលោកនៅតែទទួលបានការគាំទ្រច្រើនពីប្រិយមិត្ត ព្រោះម្ចាស់កម្មវិធីភាគច្រើននៅពេញចិត្តនឹងសំនៀងរបស់លោក ហើយបានអញ្ជើញលោកឲ្យច្រៀងជាហូរហែ បើទោះបីជាមួយរយៈចុងក្រោយនេះកម្ពុជាមានវិបត្តិកូវីដ-១៩ ក្ដី។
លោក ណូយ វ៉ាន់ណេត បង្ហើបថា រូបលោកទទួលបានការច្រៀងក្នុងកម្មវិធីផ្សេងៗរាល់ខែមិនដែលដាច់ឡើយ ហើយការច្រៀងនៅភ្នំពេញមានតម្លៃប្រមាណ ៧០០ដុល្លារ និងតាមបណ្ដាខេត្តឆ្ងាយៗដូចជារតនគីរី និងមណ្ឌលគិរីជាដើម គឺលោកយកតម្លៃពី ១៣០០ ទៅ១៨០០ដុល្លារ ក្នុងមួយកម្មវិធី។
ប្រភពចំណូលក្រៅពីអាជីពចម្រៀងលោក ណូយ វ៉ាន់ណេត ក៏មានមុខរបរសំខាន់មួយទៀតដែរ គឺលក់ជីធម្មជាតិ និងសម្ភារៈកសិកម្មដែលមានចំណូលប្រចាំខែប្រមាណ២០០០ដុល្លារ។ លោកថា បើទោះបីជាថ្ងៃណាមួយលោកត្រូវដាច់ឆ្ងាយពីសិល្បៈក៏លោកនៅតែអាចរកចំណូលបានច្រើនគួរសម ព្រោះនៅមានការងារជាច្រើនណាស់នៅរង់ចាំលោក ហើយលោកមិនដែលខ្ជិល ឬផ្ដេកផ្ដួលលើការងារណាមួយឡើយ សូម្បីតែការងារសំណង់៕