ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី គឺជាមនុស្សម្នាក់ដែលតែងតែត្រូវបានមហាជនកោតសរសើរ ចំពោះភាពសាមញ្ញរបស់គាត់ និងទឹកចិត្តដ៏ល្អប្រពៃ ក្នុងការជួយយកអាសារប្រជាពលរដ្ឋទូទៅ ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការតែងខ្លួនមិនឡូយឆាយរបស់ឯកឧត្តម ដែលបានធ្វើឱ្យមហាជនកាន់តែមានការកោតសរសើរចំពោះការដាក់ខ្លួនរបស់ឯកឧត្តមជាខ្លាំង។
កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតបានកើតឡើង ខណៈពេលដែលឯកឧត្តម ម៉ុង ឬទ្ធី បានចូលរួមនៅក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» តម្លៃជាង ៤៤លានដុល្លារ របស់ឧកញ៉ា លី យ៉ុងផាត់ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ គឺឯកឧត្តមបានជ្រើសរើសនូវអាវយ៉ាងសាមញ្ញមួយ ស្របពេលដែលថ្នាក់ដឹកនាំផ្សេងៗទៀតបានកំពុងតែស្លៀកសំលៀកបំពាក់យ៉ាងឡូយៗស្អាត។
យោងតាមការបង្ហោះផ្សាយរបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា ផ-Por បានឱ្យដឹងថា៖ «ស្ថិតក្នុងអង្គអ្នកដឹកនាំធំៗដែលគេគ្រប់គ្នាសុទ្ធតែស្លៀកសំលៀកបំពាក់ឡូយៗ ស្អាតៗ។ តែមេីលទៅបុរសគំរូម្នាក់នេះវិញ ពាក់ត្រឹមអាវធម្មតា ដែលបង្ហាញពីភាពសមញ្ញរបស់គាត់។ គាត់មានឈ្មោះថា ម៉ុង ប្ញទ្ធីសម្លៀកបំពាក់មិនបានបង្ហាញដល់អ្វីដែលអ្នកមាននោះទេ!»
គួររំលឹកផងដែរថា ចំពោះអាវ ដែលឯកឧត្តមបានពាក់ចូលរួមក្នុងកម្មវិធីជាមួយសម្តេចតេជោនោះ ឯកឧត្តមក៏ធ្លាប់បានបញ្ជាក់ផងដែរថា អាវនោះគឺឯកឧត្តមបានប្រើប្រាស់អស់រយៈពេល៣២ឆ្នាំមកហើយ ដោយក្នុងនោះឯកឧត្តមបានទិញអាវនោះដំបូងតាំងពីឆ្នាំ១៩៨៨មកម្លេះ ដែលនេះគឺជាចំណុចដែលធ្វើឱ្យមហាជនកាន់តែមានការកោតសរសើរបន្ថែមទៀតលើឯកឧត្តមផងដែរ។
យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម ម៉ុង ឬទ្ធី បានបញ្ជាក់ឱ្យដឹងថា៖ «វេលាម៉ោង៨យប់ថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៧៨-២០២០ គឺជាថ្ងៃគំរប់ខួប៤២ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយា ក្នុងរបបអាវខ្មៅបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃពោពេញទៅដោយឈាមលាយទឹកភ្នែក ។ ហេីយក៏ជាថ្ងៃគំរប់ខួប៣២ឆ្នាំនៃអាវដែលខ្ញុំកំពង់តែពាក់នេះផងដែ ១៩៨៨-២០២០ យេីងបានរស់នៅរួមសុខរួមទុក្ខជាមួយគ្នាអស់រយៈពេលដ៏យូលង់ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាយេីងនិងបន្តរស់នៅរួមសុខរួមទុក្ខជាមួយគ្នាលុះដល់ដង្ហេីមចុងក្រោយ»។