ឡូយខ្លាំង! ទំនប់ដូនទ្រី ប្រើបច្ចេកទេសថ្មីខួងរូងភ្នំធ្វើប្រព័ន្ធធារាសាស្រ្តយ៉ាងទំនើបបំផុតនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង

ដើម្បីបង្កើនបរិមាណទឹក សម្រាប់ផ្គត់ផ្គង់ស្រែចំការរាប់មុនហិចតាក្នុងខេត្តបាត់ដំបង ក្រសួងធនធានទឹក និង ឧតុនិយម បានសម្រេចអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរី ចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដែលបានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ។

បច្ចុប្បន្ននេះ ការងារសាងសង់ទំនប់ដូទ្រីនេះបានចម្រេចប្រមាណជា ២៦ ភាគរយហើយ លើទំហំការងារសរុប នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និង ឧតុនិយមបានបង្ហាញ ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបងនេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ៣៣ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។

អ្វីដេលគួរឱ្យចាប់អារម្មណ៍សម្រាប់គម្រោងអភិវឌ្ឍន៍ទំនប់ដូទ្រីនេះ គឺវាជាប្រព័ន្ធធារាសាស្រ្តថ្មីសន្លាងមួយ និង ជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់ដ៏ធំនេះបានសាងសង់ដោយប្រើប្រាស់វិធីសាស្រ្តថ្មី មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកទេ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និង វិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ ជាដើម ។

នេះគឺជាបណ្តាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលបាន និង កំពុងអនុវត្ត រួមមាន ៖

១- ទំនប់មេជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង ០៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុតប្រមាណ ៤៧ ម៉ែត្រ និង មានប្រវែងសរុប ៦៥៤ ម៉ែត្រ ។

២- សំណង់បង្ហៀរ (Spillways) ធ្វើពីបេតុង ស្ថិតនៅខាងឆ្វេងទំនប់មេ មានប្រវែងសរុប ៤១៤ ម៉ែត្រ ។ ទំនប់បង្ហៀរនេះអាចដោះទឹកបាន ៨៥០ ម៉ែត្រគីប/វិនាទី ។

៣- រូងទូនេលពង្វៀងទឹក (Diversion Tunnel) រូង មានរាងជាក្រចកជើងសេះ, អង្កត់ផ្ចិត ០៤ ម៉ែត្រ, មានប្រវែងសរុប ៤៦២ ម៉ែត្រ ។

៤- សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹ ចំនួន ០៥ (២,២ ម៉ែត្រ x ២,២ ម៉ែត្រ, ៤ ទ្វារ និង ៤ ម៉ែត្រ x ៤ ម៉ែត្រ, ១ ទ្វារ) ។

៥- ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ, ខ្នងលើទទឹង ០៥ ម៉ែត្រ, ប្រវែង ៥៣៦ ម៉ែត្រ ។

៦- ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់ ១០ ម៉ែត្រ, ខ្នងលើទទឹងទំនប់ ០៥ ម៉ែត្រ, ប្រវែង ១៥០ ម៉ែត្រ ។

៧- ផ្លូវក្រាលថ្មភ្នំ ប្រវែង ៥,២ គីឡូម៉ែត ទទឹង ០៧ ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន ០៨ កន្លែង ៕

Leave a Reply