ភ្នំពេញ ៖ ក្រោយពីទទួលបានឱកាសលើកទី១ បកស្រាយចម្រៀងជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួចមក តារាចម្រៀងជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស កញ្ញាឈិន ម៉ានិច្ច បានសម្ដែងនូវមោទនភាពរបស់ខ្លួនចំពោះឱកាសដ៏កម្រមួយនេះ។
ម្ចាស់ពានរង្វាន់Cambodian Idol រដូវកាលទី២រូបនេះ បានបង្ហោះសារសម្ដែងអារម្មណ៍បែបនេះថា «ក្នុងនាមខ្ញុំជាកូនអ្នកកសិករមួយរូប ដែលមានឈ្មោះជាអ្នកចំរៀងក្នុង ផលិតកម្ម រស្មីហង្សមាស ជាឱកាសទីមួយដែលនាងខ្ញុំបាន បកស្រាយបទចម្រៀងជូន សម្តេច ពុក សម្តេចម៉ែដោយផ្ទាល់កូនសូមបួងសួង អោយសម្តេច ពុក ក្នុងថ្ងៃចំរើនព្រះជន្ម មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងអាយុវែងអរគុណសន្តិភាព»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ជាថ្ងៃខួបកំណើតពិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងយប់ថ្ងៃដដែលនោះ អ្នកសិល្បៈជាច្រើន បានបង្ហាញវត្តមានច្រៀងជូនសម្ដេចសណ្ដាប់ដោយផ្ទាល់ ក្នុងនោះក៏មានតារាចម្រៀងឈិន ម៉ានិច្ចផងដែរ។
តាមរយៈនេះ អ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងឈិន ម៉ានិច្ច បានចូលរួមអបអរសាទរចំពោះឱកាសដ៏កម្ររបស់នាងនេះ ក្នុងនោះអ្នកខ្លះក៏បានធ្វើការសរសើរពីភាពស្រស់ស្អាតរបស់ម៉ានិច្ច ក្នុងការតុបតែងខ្លួនបែបបុរាណនេះផងដែរ។