ម៉េង កែវពេជ្ជតា ផ្ទុះ​ប្រតិកម្ម​ចំពោះ​សម្ដី អ្នក​យក​បទ​ចម្រៀង​ខ្លួន​ឲ្យ​គេ​ច្រៀង​ឡើងវិញ​…

ភ្នំពេញ​ ៖​ ​​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ ​ ​អ្នកនាង​ម៉េង កែវពេជ្ជតា បាន​ផ្ទុះ​ប្រតិកម្ម សម្ដែង​ការហួសចិត្ត​ចំពោះ​បុរស​ម្នាក់ ដែល​យក​បទ​ចម្រៀង​របស់​ខ្លួន​ឲ្យ​គេ​ច្រៀង មិន​ដាក់ឈ្មោះ​ម្ចាស់​ដើម ព្រមទាំង​ប្រើស​ម្ដី​មិន​សមរម្យ​មក​លើ​រូប​អ្នក​នាង​ផង​នោះ។

បទ​ចម្រៀង ដែល​ធ្វើ​ឲ្យ​មាន​រឿង​នេះ កើតឡើង មាន​ចំណងជើង​ថា «​សម្រស់​នារី​ខ្មែរ​» ដោយ​ត្រូវបាន​បុរស​ម្នាក់​យក​ទៅ​ឲ្យ​នាង អូ រស្មី ធ្វើការ​ច្រៀង​ឡើងវិញ រួច​បង្ហោះ​ចូល​ទៅក្នុង​ឆា​ណែ​ល​យូ​ធូប ដោយ​ពុំ​មាន​ដាក់ឈ្មោះ​ម្ចាស់​ដើម​នោះ។

ការមិន​ដាក់ឈ្មោះ​ម្ចាស់​ដើម​នេះ ត្រូវបាន​អ្នកនាង​ម៉េង កែវពេជ្ជតា ប្រតិកម្ម​ស្នើ​ឲ្យ​ធ្វើការ​ដាក់ឈ្មោះ​ខ្លួន​ផង​នោះ ស្រាប់តែ​ត្រូវ​បុរស​ម្នាក់ ដែល​យក​ឲ្យ​គេ​ច្រៀង​នោះ ប្រើ​សម្ដី​គ្មាន​មិន​សមរម្យ និង​គ្មាន​ទំនួល​ខុសត្រូវ ទើប​អ្នកនាង​ផ្ទុះ​ប្រតិកម្ម​ជាថ្មី បង្ហោះ​សារ​ប្រាប់​ឲ្យ​អ្នកគាំទ្រ​បានដឹង​នោះ។

អ្នកនាង​ម៉េង កែវពេជ្ជតា កាលពី​ល្ងាចម្សិលមិញ បាន​បង្ហោះ​សារ​សម្ដែង​ការហួសចិត្ត​បែបនេះ​ថា «​គាត់​និយាយថា ( ទម្លាប់​ខ្ញុំ ចម្លង​បទ​ចម្រៀង​ពី​នរណា​មិនដែល​ដាក់ឈ្មោះ​ម្ចាស់​ដើម​ទេ។​ គ្រាន់តែ​ប៉ុណ្ណឹង​សោះ បង​ឯង​ចាំបាច់​ទៅ Live និយាយ​ដល់​ឈ្មោះ​អី​ណា .. )»​។​

អ្នកនាង​បន្តថា «​នេះ​ជាស​ម្តី​មិន​ទទួលខុសត្រូវ​របស់ លោក​ឈ្មោះ ( ប្រុស ) អ្នកយក​បទ​ចម្រៀងរបស់​ខ្ញុំ និង​បទ​ចម្រៀង​អ្នកផ្សេងៗ​ទៀត​មក​ថត​សំឡេង​ថ្មី និង​ដំឡើង​បទ​ចម្រៀង​បង្ហោះ​ក្នុង​យូ​ធូប Y ou T ube អោយ​នាង រស្មី ដោយ​មិន​ដាក់ឈ្មោះ​ម្ចាស់​ដើម! នៅមាន​សម្តី​ច្រងេងច្រងាង​ច្រើន​ជាងនេះទៀត។ បើ​តែ​បែបនេះតើ​អោយ​សិល្បៈ​មានតម្លៃ​យ៉ាងម៉េច​ទៅ ? តើអោយ​ខ្ញុំ​ស្ងៀម​យ៉ាងម៉េច ? សូម​បងប្អូន​ពិចារណា​តាម​ការគួរ​»។

បន្តិច​ក្រោយមក អ្នក​នាង​ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​ស្ក្រីនសត​ថា «តោង​ក៏តោងចុះ​ តែចាំបាច់​អីចង់បំបាត់ឈ្មោះម្ចាស់ដើម? នេះមិនខុសពី​បញ្ញើក្អែក​ដែលទុំដើម​ណា​មិនដែលអោយដើម​នោះរស់ទេ​ ដូច្នេះយើង​ត្រូវតែបោច​ចោល​អោយ​បានមុន​ បើ​វា​ រមិលគុណ​ដូច្នេះ​ កុំទុកធ្វើ​អីអាជាតិ​បញ្ញើក្អែក​គំនិត​អាក្រក់បែបនេះ​ ! ! !»៕

Leave a Reply